ភ្នំពេញ៖ តើអ្នកបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ តាមរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ក្រុងប៉ោយប៉ែតឬនៅ? ខណៈបច្ចុប្បន្នក្រុមហ៊ុនចិនបាន និងកំពុងសិក្សាលទ្ឋភាពវិនិយោគសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅមកាន់គោលដៅទាំងនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ កក្កដា កន្លងមកថា នៅក្នុងផែនការមេរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) បានសិក្សាពីគម្រោងនេះរួចហើយ ហើយក្រុមហ៊ុនចិនបាននិងកំពុងសិក្សាលទ្ឋភាព ដើម្បីវិនិយោគសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែតផងដែរ។
លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនទាន់អាចបញ្ជាក់បានថា ការសិក្សាបញ្ចប់របស់ក្រុមហ៊ុនចិនទាំងនោះនឹងបញ្ចប់នៅពេលណាទេ ហើយការសាងសង់នឹងចាប់ផ្តើមនៅពេលណាជាក់លាក់នៅឡើយទេ”។លោកបន្តថា “ប្រទេសរបស់យើងបានឈានដល់ដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈការសាងសង់ហេ ដ្ឋារចនាសម្ព័ន្ឋថែមទៀត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។
លោកសូរិយាបានបន្តថា បើចង់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ ប៉ុន្តែវាត្រូវការការវិនិយោគលើទឹកប្រាក់ដ៏ច្រើន ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ ក្នុងការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់។
លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា ការវិនិយោគលើបណ្តាញផ្លូវដែក ឬហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ពិតជារឿងប្រសើរ ដែលជួយសម្រួលចរាចរន៍ ការតភ្ជាប់ការដឹកជញ្ជូន ការកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ដែលជាការផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
ប្រភព : Property Area