ភ្នំពេញ៖ អ្នកមានលុយ មិនប្រាកដថាវិនិយោគទទួលបានជោគជ័យនោះទេ ហេតុនេះអ្នកគួរសិក្សាពីហានិភ័យចំពោះមុខជាមុន ដើម្បីយកមកធ្វើការវិភាគពិចារណា មុនសម្រេចចិត្តវិនិយោគលើអចលនទ្រព្យនានា។
ជាអ្នកអភិវឌ្ឍន៍និងមានជំនាញផ្នែកអចលនទ្រព្យលោកង៉ែត ជូបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការវិនិយោគអចលនទ្រព្យមិនទទួលបានជោគជ័យ ដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា ទី១ មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ)ណាស់។
ទី២ វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោល
ដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។ ទី៣ ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
ទី៤ ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។ ទី៥ មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា។
ទាក់ទងនឹងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញវិញ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World BridgeLand Group បានថ្លែងថា ការវិនិយោគលើដីធ្លីដើម្បីទទួលបានផលចំណេញ ត្រូវពឹងផ្អែកលើកត្តាសេដ្ឋកិច្ច ស្ថានភាពនយោបាយល្អប្រសើរ ប៉ុន្តែអ្វីជាពិសេសនោះអ្នកវិនិយោគត្រូវរកព៌តមានឲ្យបានមុនគេ ពីគំរោងឬផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទិញដីនៅក្នុងតម្លៃទាប ព្រោះបើទិញនៅក្នុងតម្លៃខ្ពស់ ហើយព៌តមានគេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំណេញច្រើននោះទេ។
លោកបន្តថា “ការសិក្សាពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដឹងព៌តមានមុនគេ ទិញឲ្យបានមុនគេ យើងនឹងទទួលបានជោគជ័យហើយ”៕
ប្រភព : Property Area