Register Already an agent ? Login

បន្ទាប់ពីភ្នំពេញ ខេត្តកណ្តាលនឹងក្លាយជាទិសដៅចម្បងសម្រាប់វិស័យសំណង់បុរី និងគេហដ្ឋាន

ភ្នំពេញ ៖ ភ្នំពេញនាពេលបច្ចុប្បន្ន មានសភាពចង្អៀត និងមិនសូវជាសល់ដីទំនេរសម្រាប់ការអភិវឌ្ឍន៍បុរី ឬសំណង់នានាប៉ុន្មានឡើយ ដោយសារតែសំណង់បានរីកដុះដាលស្ទើរតែគ្រប់ទីកន្លែង ចំណែកឯតម្រូវការលំនៅដ្ឋានចេះតែកើនឡើងឥតឈប់ឈរ។

ដោយហេតុនេះហើយបានជា បណ្តាអ្នកវិនិយោគនានា បានងាកទៅចាប់អារម្មណ៍តំបន់ផ្សេងទៀតដែលស្ថិតនៅតាមបណ្តាជាយក្រុងគ្រប់ជ្រុងគ្រប់ទិស រហូតធ្លាយទៅដល់តាមបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជាប់តាមបណ្តោយផ្លូវជាតិដូចជា ផ្លូវជេតិលេខ ១ លេខ ២ លេខ៣ លេខ៤ លេខ៥ និងជាពិសេសគឺផ្លូវជាតិលេខ 6A ចាប់ផ្តើមចេញពីតំបន់ព្រែកលៀបរហូតដល់ព្រុំប្រទល់ស្រុកមុខកំពូលខេត្តកណ្តាល ។

តាមរយៈអ្នកជំនាញបានឱ្យដឹងថា ស្ថិតនៅក្រៅពីរាជធានីភ្នំពេញ និងខេត្តដែលមានសក្តានុពលទេសចរណ៍ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ដីនៅតាមជាយក្រុងខេត្តកណ្តាលក៏បានក្លាយជាទីចាប់អារម្មណ៍លើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ជាពិសេសសំណង់លំនៅដ្ឋានផងដែរ។

រង្វង់មូលខេត្តកណ្តាល

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំ 2017 កន្លងទៅ សម្រាប់រាជធានីភ្នំពេញ មានគម្រោងសាងសង់សំណង់បុរី និងផ្ទះល្វែង មានប្រមាណ 12 ម៉ឺនខ្នង ដែលជាចំនួនមួយដ៏ច្រើន។ ដោយឡែកសម្រាប់ខេត្តដែលមានកំណើនលើការសាងសង់សំណង់លំនៅដ្ឋានផ្ទះល្វែង និងបុរីវិញ គឺខេត្តកណ្តាល ដែលកាលពីឆ្នាំ 2017 មានចំនួនរហូតដល់ 8900 ខ្នង ឈរនៅលំដាប់ទី1 ខណៈដែលខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតមានចំនួន 5400ខ្នង ឈរនៅលំដាប់ទី2 និងខេត្តបាត់ដំបង មានចំនួន 3800 ខ្នង ឈរនៅលេខរៀងទី3 ។

យ៉ាងណាក្តី បើទោះជាពេលបច្ចុប្បន្ននេះ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាបាន និងកំពុងមានការកើនឡើងនូវចំនួនសំណង់លំនៅដ្ឋានយ៉ាងច្រើនដូចការលើកឡើងខាងលើនេះ វាក៏នៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ ។ តាមរយៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់រយៈពេល 15ឆ្នាំទៀត រាប់គិតចាប់ពីឆ្នាំ 2015 ដល់ 2030 ខាងមុខនេះ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ 80ម៉ឺនលំនៅដ្ឋានទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណជា 5ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ ៕ 

ផ្លូវទៅខេត្តកណ្តាល