ភ្នំពេញ៖ បើទោះជាប្រទេសចិនបានក្លាយទៅជា ប្រទេសដែលនាំមុខលេខ១ នៅកម្ពុជានៅក្នុងវិស័យនានា ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យធំៗយ៉ាងណាក្តី បើសង្កេតមើលបច្ចុប្បន្ននេះ សារធារណរដ្ឋកូរ៉េក៏មានទុនវិនិយោគមិនចាញ់គ្នាប៉ុន្មានដែរ។
បើគិតមកទល់ពេលនេះ ប្រទេសកូរ៉េបានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាសរុបជាង ៤ពាន់លានដុល្លាសហរដ្ឋអាមេរិច ក្នុងនាមក្រុមហ៊ុនជាង ៩០០ក្រុមហ៊ុនឯណោះ។ ដោយការវិនិយោគភាគច្រើនទៅលើខាង អចលនទ្រព្យ វិស័យកាត់ដេរ ហិរញ្ញវត្ថុ សំនង់ និងកសិកម្មជាដើម។
ក្រៅពីវិស័យបណ្តាក់ទុននានាលើប្រទេសកម្ពុជា ចំណងមិត្តភាពកូរ៉េ-កម្ពុជា បានធ្វើឱ្យទំហំនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានទាំងការដោះដូរខាងវិស័យទេសចរណ៍គ្នាទៅវិញទៅមកផងដែរ ជាពិសេសកូរ៉េបាននាំ ប្រជាជនកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េ ដែលមានចំនួនពលករកម្ពុជានៅក្នុងប្រទេសកូរ៉េដល់ទៅជាង ៤ម៉ឺននាក់រហូតដល់បច្ចុប្បន្ន។ លើសពីនោះ កូរ៉េថែមទាំងបានផ្តល់ជំនួយឥតសំណងជាច្រើនដល់វិស័យនានានៅកម្ពុជា ក្នុងចំនួនដល់ទៅ ៦០០លានដុល្លាសហរដ្ឋអាមេរិកផងដែរ។
យោងទៅលើមិត្តភាព និងចំណងខាងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកូរ៉េយ៉ាងស្អិតរមួត ជឿជាក់ថា នៅថ្ងៃខាងមុខ នឹងមានការវិនិយោគពីប្រទេសកូរ៉េជាច្រើនទៀត នឹងមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ក្នុងន័យអភិវឌ្ឍន៍ប្រទេសឱ្យឈានទៅមុខជឿនលឿនដូចប្រទេសដទៃទៀត៕