ស្ទឹងហាវ-ខេត្តព្រះសីហនុ៖ សព្វថ្ងៃនេះ អ្នកវិនិយោគជនជាតិចិនជាច្រើនបានរីករាលស្ទើរតែគ្រប់វិស័យ នៅប្រទេសកម្ពុជា ជាពិសេសគឺវិស័យសំណង់ និងអចលនទ្រព្យតែម្តង។ ហើយគោលដៅចម្បងភាគច្រើនគឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលអ្នកណាក៏បានដឹងដែរថា មានកំណើនអ្នករកស៊ីជនជាតិចិនជាច្រើននៅក្នុងខេត្តនៅទីនោះ។
តាមប្រភពជាផ្លូវការមួយថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុនវិនិយោគិនចិនមួយ បានប្រកាសការវិនិយោគទៅលើតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្ម (Commercial) នៅក្នុងទឹកដីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់ដល់ទៅជាង ១៦ពាន់លានដុល្លារអាមេរិក ដែលគម្រោងមួយនេះ អាចចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ២០១៩ខាងមុខនេះ ។
ក្រុមហ៊ុនម្ចាស់គម្រោងមួយនេះមានឈ្មោះថា Asia Pacific Xinhuifeng Financial Group ហើយការបណ្តាក់ទុនលើវិស័យមួយនេះ ដោយសារតែវាជាតំបន់ស្ថិតនៅមាត់ឆ្នេរដ៏ធំរបស់កម្ពុជា ហើយថែមទាំងមានសក្ដានុពល ក្នុងការវិនិយោគជាតំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ ប្រសិនជាអាជីវកម្មនោះដំណើរការល្អ ការអភិវឌ្ឍបន្តបន្ទាប់ប្រាកដជាលេចរូបរាងឡើង ហើយសកម្មភាពពាណិជ្ជកម្មនៅតំបន់នោះក៏កាន់តែខ្លាំងឡើងផងដែរ
គួរឱ្យដឹងផងដែរថា តំបន់សេដ្ឋកិច្ចនេះ នឹងត្រូវប្រើពេល១០ឆ្នាំដើម្បីអភិវឌ្ឍន៍ជាដំណាក់កាល ដោយមានការសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ លំនៅឋាន តំបន់ពាណិជ្ជកម្ម មានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ ។ ជឿជាក់ថា គម្រោងមួយនេះ នឹងធ្វើឱ្យប្រជាជនក្នុងតំបន់កាន់តែមានការងារធ្វើល្អជាងមុន ជីវភាពធូរធារ រួមទាំងការអភិវឌ្ឍន៍នានានៅតាមតំបន់មាត់សមុទ្រ ដើម្បីលើកកម្ពស់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចជាតិផងដែរ៕