Register Already an agent ? Login

ទន្លេបាសាក់បានក្លាយជាទិសដៅប្រមូលផ្តុំអគារធំៗ ​ខ្ពស់ៗ និងមានតម្លៃថ្លៃ

ភ្នំពេញ៖ សំណង់ធំៗ និងការដ្ឋានសាងសង់ជាច្រើនបានលេចឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះគេសង្កេតឃើញថា សង្កាត់ទន្លេបាសាក់គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយអគារធំៗ និងខ្ពស់ៗច្រើនជាងគេ ពិសេសសំណង់អគារខុនដូ និងអគារការិយាល័យ។ គួរឱ្យដឹងដែរថា ទន្លេបាសាក់ អាចនិយាយថា ជាកន្លែងដែលវិស័យអចលនទ្រព្យស្ទុះងើបឡើងលឿនបំផុតក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

ការរីកចម្រើនដ៏ឆាប់រហ័សនេះដោយសារមានកត្តាមួយចំនួនដូចជា ទី១ លក្ខណៈអំណោយផលដោយសារមានទីតាំងនៅជិតមាត់ទន្លេ ដែលមានខ្យល់អាកាសល្អបរិសុទ្ធ ទី២ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ទី៣ ជាតំបន់ដែលមិនមានការកំណត់កម្ពស់ការសាងសង់ (តំបន់មួយចំនួននៅជិតនោះដូចជា ក្បែរព្រះបរមរាជវាំង និងវិមានឯករាជ្យ ត្រូវបានកំណត់កម្ពស់ការសាងសង់) ទី៤ កត្តាសេដ្ឋកិច្ច ដោយសារប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងទី៥ ទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យវិនិយោគិនចូលមកសាងសង់អគារធំៗក្នុងតំបន់នោះផងដែរ។

រូបតំណាង

គួរឱ្យដឹងផងដែរថា ដីដែលនៅផ្លូវធំ អាចមានតម្លៃក្នុងរង្វង់ជាង៦០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ខណៈដីនៅតាមផ្លូវតូច អាចមានតម្លៃជាង២០០០ដុល្លារ។ សង្កាត់ទន្លេបាសាក់ គឺជាផ្នែកមួយនៃខណ្ឌចំការមន ដែលមានវិសាលភាពគ្របដណ្តប់ផ្នែកខាងកើតនៃមហាវិថីព្រះនរោត្តម ចាប់ពីវិមានឯករាជ្យ រហូតទៅដល់ក្បាលថ្នល់៕ 

រូបតំណាង