ភ្នំពេញ៖ អគារពាណិជ្ជកម្ម និង សំណង់អចលនទ្រព្យ បានរីកដុះដាលយ៉ាងសម្បើមនៅក្នុងពេលបច្ចុប្បន្ន ដោយសារតែការបើកចំហរ របស់រាជរដ្ឋាភិបាលក្នុងការទទួលយកការវិនិយោគទុនពីក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់របស់ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសមួយចំនួន។
នៅក្នុងនោះផងដែរ តាមប្រភពព័ត៌មានថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គ្រោងនឹងធ្វើការវាយកម្ទេចសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីសាងសង់អគារខ្ពស់បំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ផែនការ នឹងត្រូវធ្វើការសាងសង់ នៅក្នុងបរិវេណសណ្ឋាគារ កាំបូឌីយ៉ាណា ដែលស្ថិតនៅចំណុចប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានគម្រោងគ្រោងឈូសឆាយ វាយកម្ទេចសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីយកផ្ទៃដីទាំងមូលធ្វើការសាងសង់អគារមួយដែលមានកម្ពស់ ដល់ទៅ ៦០០ ម៉ែត្រ។
គួរឱ្យដឹងផងដែរថា ប្រសិនជាផែនការសាងសង់អគារថ្មីនេះដំណើរការជោគជ័យ វាអាចនឹងក្លាយទៅជាអគារដែលមានកម្ពស់ខ្ពស់បំផុតទី ៤ ក្នុងពិភពលោក។ ជាពិសេសនោះ នាពេលកន្លងមកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិនក៏បានប្រកាសពីផែនការក្នុងការសាងសង់អគារមួយដែលមានកម្ពស់ ៥៦០ ម៉ែត្រនៅទីតាំងជិតទីតាំងនោះផងដែរពោលគឺនៅក្នុងអតីតសួនកម្សាន្ត Dream Land ក្រោមទុនវិនិយោគប្រមាណជា ២,៧ ពាន់ដុល្លារ។ សម្រាប់គម្រោងធំៗទាំង ២ នេះ ប្រសិនជាវាលេចរូបរាងឡើងប្រាកដមែននោះ វានឹងក្លាយជាអគារដ៏ខ្ពស់ដែលមានចម្ងាយជិតបំផុត ពីព្រះបរមរាជវាំង និងវិមានឯករាជ្យ ដែលជាទីកម្សាន្តប្រវត្តិសាស្រ្ត និងពេញនិយមនៅក្នុងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងផងដែរថា ការវិនិយោគអគារលើកាំបូឌីយ៉ាណាចាស់នោះគឺក្រុមហ៊ុន Royal Group បានសហការជាមួយក្រុមហ៊ុនមកពីប្រទេសចិនដើម្បីអភិវឌ្ឍគម្រោងធំៗចំនួន ២ នៅកម្ពុជា។ ហើយប្រសិនជាគ្មានបញ្ហាចោទឡើងទេ សំណង់អគារថ្មីមួយនេះ នឹងធ្វើការសាងសង់ឡើង នៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះហើយ។ សម្រាប់ពត៌មានបន្ថែមយ៉ាងណានោះ ខ្មែរហូមនឹងជម្រាបដំណឹងជូនមិត្តអ្នកអានបន្តទៀត៕
ដោយ៖ ខ្មែរហូម