ភ្នំពេញ៖ មួយរយៈមុន ខ្មែរហូមធ្លាប់បានចេញផ្សាយពត៌មានម្តងរួចមកហើយ ទាក់ទងនឹងគម្រោងអាគារយក្សដែលធំជាងគេបំផុតនៅអាស៊ីហើយសាងសង់នៅក្នុងទឹកដីចាស់ តំបន់កម្សាន្តឌ្រីមឡែន។ ប៉ុន្តែព័ត៌មានបន្តបន្ទាប់ ចេះតែមានលេចឡើងជាច្រើនលើកច្រើនសារថា ការសាងសង់កំពុងតែស្ថិតនៅក្នុងគម្រោងការរៀបចំគ្រោងឆ្អឹង និងប្លង់នៅឡើយ ដោយមិនដឹងថាមានបញ្ហាអ្វីដែលនៅពីក្រោយបន្ថែមឬយ៉ាងណា។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានស្តីពីការសាងសង់អាគារកំពស់ ៦០០ម៉ែត្រ ស្មើនឹង ១៣៣ជាន់ បានចាប់ផ្តើមកក្រើកសារជាថ្មី នៅពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបនៅក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយកន្លែង កាលពីដើមខែកុម្ភៈកន្លងទៅថ្មីៗនេះ។
គួរឱ្យដឹងផងដែរថា អាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Tween Tower កំពុងរៀបចំគូរប្លង់ សិក្សាលើប្លង់ស្ថាបត្យកម្ម និងផ្ទៃដីឡើងវិញ ដែលគ្រោងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅតំបន់ឌ្រីមលែនដ៍ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ អគារពាណិជ្ជកម្មដ៏ធំមួយនេះ ត្រូវបានគេដឹងថាមានបណ្តុំទៅដោយសេវាកម្មចម្រុះជាច្រើនប្រភេទដូចជា៖ ផ្សារទំនើប អគារធ្វើការការិយាល័យ អាផាតមិនកម្រិតផ្កាយ៥ សណ្ឋាគារកម្រិតផ្កាយ៦ ខុនដូប្រណីត កន្លែងហាត់ប្រាណ ហែលទឹក ស្ទីម សូណា ម៉ាស្សា ភោជនីយដ្ឋានលំដាប់ខ្ពស់ និងជាកន្លែងសម្រាប់គយគន់ទិដ្ឋភាពនៃរាជធានីភ្នំពេញទាំងមូលជាដើម ។
តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះ នឹងត្រូវបានសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd ដែលបានសហការវិនិយោគរវាងក្រុមហ៊ុន Thai Bunrong Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។ ដូច្នេះយើងនឹងចាំតាមដានទាំងអស់គ្នា ថាតើគម្រោងដែលជាទីមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូលនឹងត្រូវសាងសង់ប្រាកដនៅពេលណា។ ចំណែកព័ត៌មានថ្មីៗបន្ទាប់ស្តីពីការសាងសង់ ខ្មែរហូមនឹងធ្វើការចេញផ្សាយជូនមិត្តអ្នកអាននៅពេលក្រោយ ៕
ដោយ៖ ខ្មែរហូម