ភ្នំពេញ៖ ធ្លាប់តែជាប់ឈ្មោះជាប្រទេសដែលក្រីក្រមួយនៅក្នុងចំណោមប្រទេសដែលក្រីក្រយ៉ាងច្រើននៅក្នុងពិភពលោក កំណើនសេដ្ឋកិច្ចនៅកម្ពុជាបានក្លាយជាចំណុចវិជ្ជមានធ្វើឱ្យប្រទេសចាប់ផ្តើមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងធ្វើឱ្យប្រទេសមួយនេះស្ថិតនៅ នៅក្នុងក្រសែភ្នែកវិនិយោគិនធំៗពីប្រទេសអភិវឌ្ឍន៍មួយចំនួនផងដែរ ជាពិសេសគឺការវិនិយោគលើវិស័យអចលនទ្រព្យ ដែលទ្រទ្រង់ដល់កំណើននៃវិស័យទេសចរណ៍ ត្រូវបានកត់សម្គាល់ឃើញថា ក៏មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងរយៈចុងក្រោយនេះ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនធំមួយរបស់ចិនមួយទៀតហើយ ដែលបានប្រើទុនវិនិយោគដល់ទៅជាង១០០ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកថ្មីមួយ នៅចំតំបន់ដ៏មានសក្ដានុពលបំផុតនៃរាជធានីភ្នំពេញ គឺតំបន់ទីក្រុងរណបកោះពេជ្រ។ សណ្ឋាគារលំដាប់ថ្នាក់ខ្ពស់ថ្មីមួយទៀត ឈ្មោះ ហ្រ្គីនលែន ផ្លាទីនីម (Greenland Platinum) ដែលស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុន Greenland Group ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន បានសម្រេចចិត្តបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា ដោយគម្រោងសណ្ឋាគារនេះនឹងត្រូវសាងសង់ឡើងនៅលើអគារដ៏ធំស្កឹមស្កៃ នៃគម្រោង ឌីអាយ រីវើរ៉ា (D.I. Riviera) របស់ក្រុមហ៊ុនចិន ឈ្មោះ ជីហ្សាំង អ៊ីនវេសមិន ខេមបូឌា (Jixiang investment cambodia) ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ពីទុនវិនិយោគសរុបនិងរយៈពេលនៃការសាងសង់ ក៏ដូចជាការសម្រេចគម្រោងនៅពេលណាមួយជាក់លាក់នៅឡើយទេ។
គួរឱ្យដឹងផងដែរថា ក្រៅពីសណ្ឋាគាររបស់ចិនដែលគ្រោងនឹងសាងសង់ថ្មីនេះ កន្លងមកក៏មានសណ្ឋាគារប្រណីតៗលំដាប់ខ្ពស់ជាច្រើនផ្សេងទៀត ក៏បាននិងកំពុងសម្រុកការសាងសង់របស់ខ្លួននៅកម្ពុជាផងដែរ ជាពិសេសគឺស្ថិតនៅទីប្រជុំជនតែម្តង ដូចជាសណ្ឋាគារ Marriot របស់អាមេរិក ដែលបានបោះទុនជាច្រើនរយលានដុល្លារ និងកំពុងសាងសង់នៅខេត្តសៀមរាប និងភ្នំពេញ ដែលត្រៀមនឹងរួចរាល់នៅចុងឆ្នាំនេះ។ សណ្ឋាគារមួយនេះ ក៏មានគម្រោងទៅបន្តសាងសង់សាខាបន្ថែមមួយទៀតនៅខេត្តព្រះសីហនុនៅឆ្នាំខាងមុខផងដែរ៕