Register Already an agent ? Login

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួង ​ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល លោក ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។ បើតាមសេចក្ដីចសម្រេចលេខ៥២.សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

បើតាមក្ដីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងនេះ ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រការ១ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ស្នើសុំវិនិយោគដោយ ក្រុមហ៊ុន China Road and Bridge Corporation​ (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (Bot: Build-Operate-Transfer) មានសមាសភាព២៦រូប លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុប្រធាន។

នៅក្នុងប្រការ២ គណៈកម្មការនេះ មានភារកិច្ច រួមមាន៖ ពិនិត្យ ផ្ដល់យោបល់អំពីនីតីវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប, ​ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនឱ្យសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប, ធ្វើរបាយការណ៍ស្ដីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី។

បើតាមសេចក្ដីសម្រេច ប្រការ៣ បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងនេះ អាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។

រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​​ ហើយ​យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់។ លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយ​ក្រុមហ៊ុនសាងសង់​កាល​ពីថ្មីៗនេះ។

លោក បានបន្តថា គម្រោងផ្លូវ​ល្បឿនលឿន​ទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោយ​ចាយ​ថវិកាសាងសង់​​សរុប​ជាង ៤០០០លាន​ដុល្លារ លើ​ប្រវែង​ផ្លូវ​ជាង ៤០០គីឡូម៉ែត្រ។ នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) ជា២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។

គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។ បើ​តាម​ លោក​រដ្ឋមន្រ្តី បន្តទៀតថា ក្រុមហ៊ុនសន្យា​ថានឹង​ប្រើ​ពេល​ត្រឹម ៦ខែ​បញ្ចប់​ការ​សិក្សា​ទាំងស្រុង ហើយយ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានសាងសង់៕​

ដោយ៖ មឿន ឌីណា (Moeun Dyna)