Register Already an agent ? Login

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​វៀតណាម សម្រេចបានជិត ៣ពាន់លានដុល្លារ កើនជិត៣% ៥ខែឆ្នាំ២០២៣

ភ្នំពេញ៖ ពី​ខែមករា​-​ខែឧសភា ឆ្នាំ​២០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម មាន​ទឹកប្រាក់​សរុប ២ ៨៧០,៥៩​លាន​ដុល្លារ កើនឡើង ២,៩%​ បើ​ធៀប​នឹងគ្រា​ដូចគ្នា​ឆ្នាំ​២០២២ ដែលមានទឹកប្រាក់ ២ ៧៨៩,៤១លាន​ដុល្លារ​។ នេះបើយោងតាមតារាង​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់ ១ ៣២៣,៨៥​លាន​ដុល្លារ កើនឡើង ២២,៧​% ​ពី​ចំនួន ១ ០៧៩,០១លាន​ដុល្លារ ​និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ​១ ៥៤៦,៧២លាន​ដុល្លារ ធ្លាក់ចុះ ៩,៦% ពី​ចំនួន ១ ៧១០,៤​លាន​ដុល្លារ​។ បើតាមការបញ្ជាក់នៅក្នុង​តារាង​ស្ថិតិខាងលើ។

បើតាមតារាង​ស្ថិតិខាងលើ បានបន្ថែមថា សម្រាប់​ខែឧសភា ឆ្នាំ​២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទឹកប្រាក់​ ៤៤០,១៥​លាន​ដុល្លារ ធ្លាក់ចុះ ៩,៦% បើធៀបនឹង​​ខែឧសភា ឆ្នាំ​២០២២ មាន​ចំនួន ៤៨៦,៨៨​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​ នាំ​ទំនិញ​ទៅ​វៀតណាម ១៤២,៣៩​លាន​ដុល្លារ កើនឡើង ៤០% និង​វៀតណាម​នាំ​ទំនិញ​មក​កម្ពុជា ​២៩៧,៧៦​លាន​ដុល្លារ ធ្លាក់ចុះ ២២,៧%​។

​សូមរម្លឹកថា កាលពី​​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេប្រទេសទាំងពីរ មាន​ទឹកប្រាក់​សរុប ៦ ១៣៥,៧៦​លាន​ដុល្លារ កើនឡើង ១៩,៦%​ ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ ២ ១៦៨,៦១៩​ លាន​ដុល្លារ កើន​ឡើង ៩,២% និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា មានទឹកប្រាក់ ៣ ៩៦៧,១៤១៣លាន​ដុល្លារ​ កើនឡើង ២៦,២%​។

បើតាមប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ បានស្រង់សំដី លោក លឹម ហេង ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាឱ្យដឹងថា ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា៖ ស្រូវ​ កៅស៊ូ​ ស្វាយចន្ទី​ ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ និង​ធនធានធម្មជាតិ។ ចំណែក​វៀតណាម​ នាំមក​វិញ មានដូចជា៖ សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​។​

​ភ្នំពេញ​ប៉ុស្តិ៍ ដដែល ក៏បានបានស្រង់សំដី លោក គី សេរី​វឌ្ឍន៍ ​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថា ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ និង​មាន​ទំនាក់ទំនង​ការទូត​ល្អ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​ទាំងពីរ បានបង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​។

ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក បានធ្វើឱ្យ​កម្ពុ​ជាមាន​សមត្ថភាព​កាន់តែខ្លាំង ​ក្នុងការ​បំពេញ​ឱ្យ​តម្រូវការ​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ ពិសេស​ប្រទេសជិតខាង​។ នេះបើតាមការ​បន្តរបស់ លោក គី សេរី​វឌ្ឍន៍ ​បាន បញ្ជាក់ថា ដោយសារ​ប្រទេស​ទាំងពីរមាន​ព្រំដែន​ជាប់​គ្នា ដូច្នេះ​ទំហំ​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រអាចមាន​ខ្ពស់ជាង​នេះ​ច្រើន​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)