ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន ១១.១លាននាក់។ នេះបើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក ថោង ខុន។
លោក ថោង ខុន បានបន្តថា ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។
លោក បានបញ្ជាក់ថា ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តឱ្យដឹងថា ជើងហោះហើរអន្តរជាតិចូលសរុប ១០,៦៣៥ជើង ក្នុងនោះ៖
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង
- អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង
- អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។
យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ថោង ខុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)