ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៨,២៦៥,៨៩៣ដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលកម្សាន្តរមណីយដ្ឋានទាំង៣ រួមមាន៖ មណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងលក់សំបុត្រទូក នៅកំពង់ផែចុងឃ្នៀស។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្នុងចំណោមទាំង៣កន្លែង គឺមណីយដ្ឋានអង្គរ បានលក់សំបុត្របានច្រើនជាងគេទទួលបានចំណូល ១៧,៨៧៧,៤១៨ដុល្លារ ដែលមានភ្ញៀវសរុប ៣៨៥,៧៦៩នាក់ កើនឡើង ៥៤៣,១៣% បើធៀបនឹងឆ្នាំ២០២២។ សម្រាប់ ប្រាក់ទទួលបានពីភ្ញៀវទិញសំបុត្រចូលប្រាសាទកោះកែរមានចំនួន ៩៥ ៥៣៥ដុល្លារ និងកំពង់ផែចុងឃ្នៀស ២៩២ ៩៤០ដុល្លារ។
ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសប្រមាណ ២,៥៧លាននាក់ កើនឡើង ៤០៩% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២ ដែលមាន ៥០៦ ៧៦២នាក់។ បើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
លោក បានបន្តថា ក្នុងចំណោមភ្ញៀវទាំង ២,៥៧លាននាក់ គឺភ្ញៀវតាមផ្លូវគោក មានចំនួន ១,៦៣លាននាក់ កើនឡើង ៥២៦%, ផ្លូវអាកាស ៩១០ ០០០នាក់ កើនឡើង ២៧៩% និងផ្លូវទឹក ៣០ ០០០នាក់ កើនឡើង ៥៨៦%។
សូមរម្លឹកថា កាលពីឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសបាន ១១ ៧៨៣ ៩១៦លានដុល្លារ ក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរចំនួន ១១ ៥២៨ ១៥៨ដុល្លារ, កោះកែរ ៩០ ៤៥០ដុល្លារ និងកំពង់ផែចុងឃ្នៀស ១៦៥ ៣០៨ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)