ភ្នំពេញ៖ ចាប់ពីខែមករា-ខែឧសភា ឆ្នាំ២០២៣ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-បារាំង មានទឹកប្រាក់សរុប ២១០,៦៤លានដុល្លារ ធ្លាក់ចុះ ៦% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះទំនិញកម្ពុជានាំទៅបារាំង ១៥៦,៥៨លានដុល្លារ ថយចុះ ៨,៤% និងទំនិញបារាំងមកកម្ពុជា ៥៤,០៦លានដុល្លារ កើនឡើង ១,៥%។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សម្រាប់ខែឧសភា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទឹកប្រាក់សរុប ៤១,៩៨លានដុល្លារ ធ្លាក់ចុះ ១១,៥៤% ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៣១,១៣លានដុល្លារ ធ្លាក់ចុះ ១៦,៨% និងទំនិញបារាំងនាំមកកម្ពុជា មានទឹកប្រាក់ ១០,៨៥លានដុល្លារ កើនឡើង ៨%។
បើតាម លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដីឱ្យដឹងថា ផលិតផលកម្ពុជានាំទៅបារាំង ភាគច្រើនមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ និងផលិតផលកសិកម្ម ចំណែក ទំនិញបារាំងនាំមកកម្ពុជា មានដូចជា៖ រថយន្ត ឧបករណ៍អគ្គិសនី អេឡិចត្រូនិក សម្ភារសំណង់ និងគ្រឿងសង្ហារឹម។
សូមរម្លឹកផងដែរថា កាលពីឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទឹកប្រាក់សរុប ៥៤២,៣៧លានដុល្លារ កើនឡើង ២៥,៩% បើធៀបឆ្នាំ២០២១ ដែលមានចំនួន ៤៣០,៧១លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅបារាំងមានទឹកប្រាក់ ៤២៣,១៣លានដុល្លារ កើនឡើង ២៧,៩% ទំនិញបារាំងនាំមកកម្ពុជា មានទឹកប្រាក់ ១១៩,៨៨លានដុល្លារ កើនឡើង ១៩,៤%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)