ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចសកលនឹងបន្តងើបឡើងវិញក្រោមការរំពឹងទុកនូវការថមថយនៃឥទ្ធិពលអវិជ្ជមានពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការគ្រប់គ្រងបាននូវអតិផរណាជាសន្សឹមៗ។
សេដ្ឋកិច្ចសកលត្រូវបានព្យាករថា មានកំណើនយឺតក្នុងអត្រា ២,៨% សម្រាប់ឆ្នាំ២០២៣ និង ៣, ៣% សម្រាប់ឆ្នាំ២០២៤ ដែលជាកំណើនមួយទាបជាងអត្រាកំណើនមធ្យមប្រចាំឆ្នាំ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
កំណើនយឺតនះ ដោយសារការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ សំដៅឆ្លើយតបទៅនឹងកម្រិតខ្ពស់នៃអតិផរណា ធៀបនឹងអត្រាគោលដៅ ជាពិសេស នៅបណ្តាប្រទេសអភិវឌ្ឍន៍ និងផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មកលើការផ្គត់ផ្គង់ និងថ្លៃថាមពល។
សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលនឹងបន្តងើបឡើងវិញក្រោមការរំពឹងទុកនូវការថមថយនៃឥទ្ធិពលអវិជ្ជមានពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការគ្រប់គ្រងបាននូវអតិផរណាជាសន្សឹមៗ។
ទោះជាយ៉ាងនេះក្តី ទស្សនវិស័យសេដ្ឋកិច្ចសកល បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន ដែលនៅតែអាចបន្តយាយីមកលើការខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនានាលើសកលលោក រួមមាន៖
១-ការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបង្កជាបច្ច័យអវិជ្ជមានមកលើថ្លៃថាមពលលើទីផ្សារអន្តរជាតិ, ២-ការកើនឡើងនូវភាពតានតឹងផ្នែកហិរញ្ញវត្ថុ, ៣-កម្រិតខ្ពស់នៃអតិផរណា, ៤-ការបែងចែកភូមិសាស្ត្រ នយោបាយ និង ៥-ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម។
ក្នុងបរិបទនេះ ទិសដៅគោលនយោបាយជាសកល ផ្ដោតសំខាន់ទៅលើការកាត់បន្ថយសម្ពាធអតិផរណា, ការទប់ស្កាត់ការផ្ទះឡើងវិញនៃជំងឺកូវី-១៩ ការធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុ ការធានានូវចីរភាពបំណុល និងការកសាងលំហថវិកាឡើងវិញ ការគាំទ្រដល់ក្រុមជនងាយរងគ្រោះ, ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Mouen Dyna)