ភ្នំពេញ៖ ចំណូលចរន្ត ឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងសម្រេចបានកំណើនប្រសើរឡើងវិញ ជាមួយនឹងស្ថានភាពផ្ទៃនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការបន្តអនុវត្តគោលនយោបាយគាំទ្រនានារបស់រាជរដ្ធាភិបាល សំដៅបន្តកែល បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដែលនឹងជួយជំរុញបន្ថែមទៀតផ្លូវសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មក្នុងស្រុកកាន់តែមានភាពមមាញឹក និងធន់នឹងវិបត្តិ។ បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤ បានបន្តថា ក្នុងនោះ ចំណូលសារពើពន្ធ ត្រូវបានរំពឹងថានឹងបន្ត សម្រេចបានកំណើនវិជ្ជមានស្របតាមការបកចំងមូលដ្ឋានពន្ធ ព្រមទាំងភាពល្អប្រសើរនៃការលើកកម្ពស់ អនុលោមភាពអ្នកជាប់ពន្ធ។
ការណ៍នេះ កើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រ័របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងរដ្ឋបាលសារពើពន្ធ ដែលជាចលករដ៏សំខាន់ក្នុងការជួយឱ្យចំណូលជារូប បន្តមានកំណើន។ ជាមួយគ្នានេះ, ចំណូលមិនមែនសារពើពន្ធ ក៏ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាកំណើនខ្ពស់ ស្របតាមការរំពឹងទុក នៃការវិលត្រឡប់មកវិញនូវសកម្មភាពក្នុងវិស័យទេសចរណ៍ ព្រមទាំងការបន្តខិតខំពង្រឹងការកៀរគរចំណូលពី ប្រភពនានា ដែលនៅមានសក្ដានុពលខ្ពស់។
ជាក់ស្ដែង, ភាពល្អប្រសើរនៃការប្រមូលចំណូលជាតិ នឹងរួមចំណែកមួយផ្នែកធំ ក្នុងការទ្រទ្រង់ទ្រប់ ថវិកាកម្ពុជា ក៍ដូចជាពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជា សម្រាប់បំពេញតម្រូវការចំណាយ ដែលមិនបាន គ្រោងទុក និងតម្រូវការចាំបាច់ផ្សេងៗទៀត ដូចជាការវិនិយោតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ទនានា ដើម្បីចូលរួមកសាង មូលដ្ឋានគ្រឹះសេដ្ឋកិច្ច។
ទោះជាយ៉ាងនេះក្តី, ការប្រមូលចំណូល អាចនឹងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន រួមមាន ១-ភាពមានកម្រិតនៃការតាមដាន និងវាយតម្លៃឱ្យច្បាស់លាស់ លើការអនុវត្តគោលនយោបាយលើកទឹកចិត្ត និង គោលនយោបាយអនុគ្រោះពន្ធនានា ដែលធ្វើឱ្យមានការបាត់បង់នូវប្រភពចំណូលសំខាន់ៗ, ២-មូលដ្ឋានយកពន្ធ និងអនុលោមភាពអ្នកបង់ពន្ធ នៅមានកម្រិត ជាពិសេស ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៣- ភាពមានកម្រិតនៃការអនុវត្ត តាមបទប្បញ្ញត្តិនានា ក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងទ្រព្យសម្បត្តិរដ្ឋ ដោយសារបញ្ហាអភិបាលកិច្ច និងភាពមានកម្រិតនៃប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រង និង ៤- ភាពមានកម្រិតនៃប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការប្រមូលចំណូលសារពើពន្ធ និងបញ្ហាអភិបាលកិច្ច ជាដើម។
ក្របខណ្ឌចំណាយសាធារណៈឆ្នាំ២០២៤ ត្រូវបានគិតគូរយ៉ាងហ្មត់ចត់ សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ក្នុងបរិការណ៍នៃការចាកចេញពីវិបត្តិជំងឺកូវី១៩ ជាទិសដៅយុទ្ធសាស្ត្រ, គោលនយោបាយ ចំណាយសាធារណៈឆ្នាំ២០២៤ នឹងផ្តោតលើទិដ្ឋភាព ៣សំខាន់ៗ រួមមាន៖ ផ្នែកស្ថាប័ន សង្គម និង សេដ្ឋកិច្ច ដែលមានកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖
១.ការបន្តពង្រឹងសមត្ថភាពរបស់បន្ត្រីរាជការ និងបន្ថែមការលើកទឹកចិត្តចំពោះមន្ត្រីដែលមានគុណវុឌ្ឍិ តាមរយៈការដំឡើងបៀវត្ស និងកម្មវិធីពង្រឹងសមត្ថភាពជំនាញមន្ត្រីរាជការ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការងារ
២.ការការពង្រឹងប្រព័ន្ធគាំពារសង្គមចំគោលដៅ តាមរយៈការធ្វើស្ថាប័នូបនីយកម្មគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រីកវិសាលភាពគ្របដណ្តប់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនចាស់ជរា និងងាយរងគ្រោះ ព្រមទាំងនិយោជិត ដែលស្ថិតនៅក្រៅប្រព័ន្ធ,
៣.ការបន្តអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់ ទាំងការអប់រំ នឹងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ ឱ្យស្របតាមកត្រូវការទីផ្សារការងារ
៤.ការបង្កើនការវិនិយោគក្នុងវិស័យដែលជាប្រភពកំណើតថ្មី និងមានសក្តានុពលសេដ្ឋកិច្ច និងផលិតភាពខ្ពស់ ដែលនឹងរួមចំណែកទ្រទ្រង់ដល់ចីរភាព, ភាពធត់ និងបរិយាប័ន្ន នៃកំណើនសេដ្ឋកិច្ច,
៥.ការបង្កើតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ស្របតាមការដាក់ចេញក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និង
៦.ការពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច ក្នុងវិស័យសក្តានុពលនានា រួមមាន វិស័យកសិកម្ម, ដឹកជញ្ជូន និងឡូជីស្ទីក និង សហត្រាសធុនតូចនិងមធ្យម (SMEs) ដែលជាចន្ទល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ដើម្បីសម្រេចគោលបំណងនៃក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈខាងលើ, រាជរដ្ឋាភិបាល កំណត់គោលដៅសូចនាករហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤ ដូចខាងក្រោម-
ចំណូលសរុបត្រូវបានគ្រោងប្រមាណ ២៣,០៧%នៃ ផសស ក្នុងនោះ ចំណូលចរន្តត្រូវបានគ្រោងសម្រេចបានក្នុងទំហំ ២២,៣៣% នៃផសស និងមានកំណើន ១១,៨% ធៀបនឹងការប៉ាន់ស្មានចំណូលចរន្តក្នុងឆ្នាំ២០២៣ ឬ ១៣,៣% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ដែលក្នុងនោះ ថ្នាក់ជាតិត្រូវគ្រោងសម្រេចឱ្យបានប្រមាណ២០,៤៦%នៃផសស និងថ្នាក់ក្រោមជាតិប្រមាណ ១,៨៧%នៃផសស។
សម្រាប់ការប្រមូលចំណូលតាមអគ្គនាយកដ្ឋាន៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវគ្រោងសម្រេចឱ្យបាន ៧,៧៨% នៃ ផសស, អគ្គនាយកដ្ឋានពន្ធដារ ត្រូវគ្រោងសម្រេចឱ្យបាន ១១,៧៥% នៃ ផសស និង ចំណូលមិនមែនសារពើពន្ធ ត្រូវគ្រោងសម្រេចឱ្យបាន ២,៧៦% នៃ ផសស។ ចំណូលផ្សេងៗត្រូវគ្រោងសម្រេចឱ្យបានប្រមាណ ០,៧៤% នៃ ផសស។
ចំណាយសរុបថវិការដ្ឋត្រូវបានគ្រោងក្នុងរង្វង់ ២៦,២៩% នៃ ផសស ក្នុងនោះ ចំណាយសរុបថវិកាថ្នាក់ ជាតិមានប្រមាណ ២៤,៤២% នៃ ផសស និងចំណាយសរុបថវិកាថ្នាក់ក្រោមជាតិប្រមាណ ២,៩៦% នៃផសស ដោយរួមបញ្ចូលទាំងការឧបត្ថម្ភធនដល់ថ្នាក់ក្រោមជាតិ ចំនួន ១,០៩% នៃ ផសស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)