ភ្នំពេញ៖ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាខាងក្រៅធំៗចំនួន៥។ បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
កត្តាទាំង៥ ដែលសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជារួមមាន៖
១).ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រវនយោបាយតំបន់ និងសកល, ២).ការថមថយនូវកំណើនសេដ្ឋកិច្ចសកល និងការកើនឡើងសម្ពាធអតិផរណា
៣).ការបរឹតបន្តឹងយូរជាងការរំពឹងទុកនៃកោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការកើនឡើងថ្លៃរូបិយបណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដលំរំហូរទុនវិនិយោគ និងពាណិជ្ជកម្ម
៤). ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច កំពុងកាត់បន្ថយនូវការចូលរួមក្នុងចរន្តសកលភាវូយអឺយកម្ម ស្របជាមួយ នឹងការកើនឡើងនៃនិន្នាការពហុប៉ូល និងការបែកចែកប្លុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម, និង
៥). ការកើនឡើងនូវផលប៉ះពាល់ជាអវិជ្ជមានកាន់តែគួរនៃការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនេះ កម្ពុជា ក៏នៅតែបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធខាងក្នុងមួយចំនួន ដែលធ្វើឱ្យការធ្វើ ពិពិធកម្មសេដ្ឋកិច្ចមានល្បឿនយឺត និងភាពប្រកួតប្រជែងមានកម្រិត រួមមាន៖
១-ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់, ២-ភាពមានកម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច, ៣-ភាពមានកម្រិតនៃកម្លាំងពលកម្មជំនាញ ទាំងបរិមាណ និងគុណភាព ដែលមិនទាន់អាចឆ្លើយតបទៅទៅនឹងតម្រូវការទីផ្សារ, ៤-ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម,និង ៥-ភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ។
បន្ថែមលើនេះ កម្ពុជាក៏កំពុងប្រឈមនឹងហានិភ័យនៃការកើនឡើងខ្ពស់នៃបំណុលឯកជនផងដែរ ដែលការណ៍នេះអាចនឹងបង្កើតជាផលជះដល់កំណើតនៃវិស័យពិត តាមរយៈការផ្សារភ្ជាប់ឧវិស័យម៉ាក្រូសេដ្ឋកិច្ច-ហិរញ្ញវត្ថុ។
ស្ថិតក្នុងបរិការណ៍ ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងការវិវត្តលឿនជាងការរំពឹងទុកផ្លូវ និន្នាការសកល និងតំបន់, រាជរដ្ឋាភិបាលបាននិងកំពុងបន្តដាក់ចេញឱ្យអនុវត្តផ្លូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ពោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធប្រកបដោយភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរៀបចំយន្តការច្បាស់លាស់សម្រាប់បន្តជំរុញការអនុវត្តគោលនយោបាយទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពនឹងស័ក្តិសិទ្ធិភាព ខ្ពស់ សំដៅបន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ជាមួយគ្នានេះ, រាជរដ្ឋាភិបាល នឹងបន្តជំរុញការស្តារ និងពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើកនិងត្រឡប់ទៅកំណើនសក្ដានុពល, ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង និងកសាងភាពធន់សង្គមសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានភាព ឆ្លើយតបខ្ពស់ទៅនឹងវិបត្តិដែលអាចកើតមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)