ភ្នំពេញ៖ អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករថានឹងងើបឡើង វិញក្នុងអត្រាកំណើនទាប ក្នុងរង្វង់ ០,៧% និង ២,៧% រៀងគ្នា សម្រាប់ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ដោយសារការ រំពឹងទុកការងើបឡើងវិញយឺតនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់។ បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
អនុវិស័យអចលនទ្រព្យ មាននិន្នាការដូចគ្នានៅនិងអនុវិស័យសំណង់ ត្រូវបានព្យាករថានឹងងើបឡើង វិញក្នុងអត្រាកំណើនទាប ក្នុងរង្វង់ ០,៧% និង ២,៧% រៀងគ្នា សម្រាប់ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ រួមមាន៖ ខុនដូរ និងអាផាតមិន ស្រប ពេលដែលនិន្នាការនៃការវិនិយោគ និងតម្រូវការ ពោលគឺចរន្តទិញ-លក់លំនៅឋាន ជាពិសេសលំនៅឋានថ្លៃទាបរំពឹង ថានៅបន្តមានសកម្មភាព។
គួរបញ្ជាក់ផងដែរថា ការដាក់ចេញនូវកញ្ចប់វិធានការកោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ក៍ជួយរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៍ដូចជាកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរលើអាជីវកម្ម អចលនវត្ថុ ជាពិសេសផ្នែកលំនៅឋាន នឹងចូលរួមរក្សាលំនឹងដល់វិស័យអចលនទ្រព្យ ផងដែរ។
ដូចគ្នាទៅនឹងអនុវិស័យសំណង់ ដោយទំនាក់ទំនងនៃអនុវិស័យនេះ ជាមួយនឹងវិស័យហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រព័ន្ធធនាគារមានកម្រិតខ្ពស់, រាជរដ្ឋាភិបាលនឹងបន្តតាមដានលើការវិវត្តនៃអនុវិស័យនេះ សំដៅដាក់ចេញនូវវិធានការអន្តរាគមន៍ផ្សេងៗ ក្នុងករណីចាំបាច់ ដើម្បីបញ្ចៀសហានិភ័យ ដែលអាចកើតមានឡើង។
បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច បានបន្តទៀតថា អនុវិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តសម្រេចបានអត្រាកំណើនទាបក្នុងរង្វង់ ០,៦% និង ២,៧% សម្រាប់ឆ្នាំ២០២៣ និង ២០២៤ រៀងគ្នា ដោយសារការរំពឹងទុកការបន្តងើបឡើងយឺតនៃរំហូរវិនិយោគទុនពីបរទេស ជាពិសេស សម្រាប់សំណង់ថ្លៃខ្ពស់ រួមមាន៖ ខុនដូរ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍, ខណៈការ វិនិយោគក្នុងស្រុកនឹងនៅបន្តមានកំណើន ពិសេសសម្រាប់លំនៅឋានថ្លៃទាប ដោយអត្រានៃការរៀបចំគ្រួសារ និងតម្រូវការលំនៅឋាននៅតែកើនឡើង។
ជាពិសេសសកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម និងសេវាកម្មមួយចំនួន ដូចជា៖ រោងចក្រផលិតកម្ម និងអគារផ្សារទំនើប ជាដើម នឹងក្លាយជានិន្នាការថ្មីក្នុងបរិបទក្រោយវិបត្តិជំងឺņវី១៩, ដែលនឹងចូលរួមទ្រទ្រង់ការអភិវឌ្ឍអនុវិស័យនេះផងដែរ។
រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើការវិវត្តនៃអនុវិស័យនេះ ដើម្បីដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេល សំដៅបញ្ចៀសហានិភ័យ ដែលអាចកើតមានជាយថាហេតុ ដោយទំនាក់ទំនងខ្លាំងរវាងអនុវិស័យនេះជាមួយនឹងវិស័យហិរញ្ញវត្ថុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)