Register Already an agent ? Login

ផ្លូវ១ខ្សែថ្មីប្រវែង ៤គ.ម ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានបើកការដ្ឋានសាងសង់ក្រាលបេតុងកៅស៊ូ

ភ្នំពេញ៖ ផ្លូវថ្មីមួយខ្សែប្រវែង ៤០០០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ក្រាលបេតុងកៅស៊ូ ក្រោមអធិបតភាព លោក ហ៊ុន ម៉ាណែត តំណាង សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក អ៊ឹង ស៊ីវម៉េង តំណាងក្រុមហ៊ុន អាយអិនជី ហូលឌីង បានលើកឡើងឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនបានចាក់បំពេញដីលើកជាតួមហាវិថីសម្រេចរួចរាល់ ដោយបានប្រើប្រាស់ដីសរុប ១លាន៣សែន ម៉ែត្រគូប ជាប្រភេទដីអំបិល និង​កំពុងស្ថាបនាគ្រឹះសម្រេចបានប្រមាណ ៦០% និងបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥,១២០ម៉ែត្រគូប។ លោក បានបន្តថា រីឯការងារក្រាលកៅស៊ូបេតុង សម្រេចបានប្រវែង ៥១៣ម៉ែត្រ។

ផ្លូវមួយខ្សែនេះ គឺជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោម បណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ គឺបន្ទាប់ពីផ្លូវមេទី១​ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី “ឈុន គង់”។ បើតាមការលើកឡើងបន្តរបស់ លោក អ៊ឹង ស៊ីវម៉េង។

លោក អ៊ឹង ស៊ីវម៉េង បានលើកឡើងបន្តទៀតថា មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ មានបណ្ដោប្រវែង ៥០ម៉ែត្រ ក្នុងនោះ ៣០ម៉ែត្រ ជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។

មហាវិថីមួយនេះ នឹង​ដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សំរួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាជាច្រើន។ល។ បើតាមការបញ្ជាក់របស់ លោក អ៊ឹង ស៊ីវម៉េង បានឱ្យដឹថា តាមការគ្រោងមហាវិថីដ៏សំខាន់មួយនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៤។

បើតាម លោក អ៊ឹង ស៊ីវម៉េង បានឱ្យដឹងទៀតថា ហាវិថី ឈុន គង់ នឹងត្រូវស្ថាបនាស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ២កន្លែង មានបណ្ដោយប្រវែង ៤០ម៉ែត្រ ទទឹង ២០,៨៦ម៉ែត្រ ដោយស្ពានទី១ កាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺនៅប៉ែក​ខាងកើតនៃមហាវិថីសម្តេច ហ៊ុន សែន។

នៅក្នុងពិធីនេះ ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លើសមិទ្ធផលទាំងអស់ដែលសម្រេចបាន។

លោក បានបន្តថា ជាពិសេសសមិទ្ធផលនៅក្នុងវិស័យផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកើតជារូបរាងទ្បើងក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់បឹងទំពន់-ជើងឯក ដោយធានាបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយទៅតាមរបៀប និងក្បួនខ្នាតនៃការរៀបចំទីក្រុងមានស្តង់ដារទំនើប និងការរួមបញ្ចូលនូវចលនានៃទីក្រុងបៃតង និងលក្ខណៈនៃទីក្រុងវៃឆ្លាត (Smart City) ស្របតាមនិន្នាការនៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកសកម្មភាពសង្គម-សេដ្ឋកិច្ច និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ហើយកត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។

លក បានបន្ថែមថា ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)