ព្រះសីហនុ៖ ផ្លូវខេត្តលេខ១៤៦B និង ផ្លូវខេត្តលេខ១៤៨ ដែលជាផ្លូវវាងក្រុងព្រះសីហនុ តភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវខេត្តលេខ១៤៦B ឈ្មោះផ្លូវការ វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ប្រវែង ២០,៦៧គីឡូម៉ែត្រ ចំណុចផ្តើម បំបែក ផ.ជ៤ ត្រង់គីឡីម៉ែត្រ ១៧៨+១៦៥ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ចំណុចបញ្ចប់ រង្វង់មូលស្ទឹងហាវ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
ផ្លូវខេត្តលេខ១៤៨ ឈ្មោះផ្លូវការ តីរវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ២២,៣៤គីឡូម៉ែត្រ ចំណុចផ្តើម រង្វង់មូលស្ទឹងហាវ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ចំណុចបញ្ចប់ ប្រសព្វ ផ.ជ៤ ត្រង់គីឡូម៉ែត្រ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវនេះ បានបើកការដ្ឋាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ អង្គភាពសាងសង់ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) អង្គភាពត្រួតពិនិត្យបច្ចេកទេស៖ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ថវិកាសាងសង់សរុបជាង ៧៦លានដុល្លារ ប្រភពថវិកា កញ្ចប់ថវិកាសន្សំជាតិ។
ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវទាំងពីរខ្សែនេះ គឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)