ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតឱ្យសាងសង់ចំនួន ១,៤៦៣គម្រោង លើផ្ទៃក្រឡាអគារជាង ៥លានម៉ែត្រការ៉េ ក្នុងទុនវិនិយោគជាង ២,២៧០លានដុល្លារ កើនឡើង ១៣៨,៥២ រយៈពេល ៥ខែដើមឆ្នាំ២០២៣ បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។ បើតាមការលើរឡើងរបស់ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការលើកឡើងខាងលើរបស់ លោក ឡៅ ទិព្វសីហា នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្មីៗនេះ បានបញ្ជាក់ថា ក្នុងចំណោមគម្រោងសាងសង់ដែលបានអនុញ្ញាតនេះ គឺមានភាគច្រើនមានម្ចាស់ជាវិនិយោគិនក្នុងស្រុក។
លោក បានបន្តថា គម្រោងដែលមានម្ចាស់ជាវិនិយោគិនបរទេស គឺមានប្រមាណត្រឹមតែ ៤១គម្រោង និងមានទុនវិនិយោគជិត ៦០០លានដុល្លារ។ ចំពោះ វិនិយោគិនបរទេសដែលបានមកបោះទុនវិនិយោគនៅកម្ពុជា រួមមានវិនិយោគិនចិន ជប៉ុន កូរ៉េខាងត្បូង និងមកពីប្រទេសមួយចំនួនទៀត។
បើតាម មន្រ្តីជាន់ខ្ពស់ក្រសួងដដែល បានបន្ថែមថា អគារចាប់ពីកម្ពស់ ៥ជាន់ឡើងទៅ នៅកម្ពុជាមានចំនួន ២ ៥៨៦អគារ ក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ១ ៧១១អគារ, ខេត្តព្រះសីហនុ ៩៩០អគារ, បន្ទាយមានជ័យ ១៤២អគារ និងខេត្តផ្សេងទៀត ៤៣អគារ។ លោក បញ្ជាក់ទៀតថា សម្រាប់អគារដែលខ្ពស់បំផុតចាប់ពី ៤០ជាន់ឡើងទៅ មានចំនួន ៥២អគារ។
តាមការព្យាករ កម្ពុជានឹងមានប្រជាជនប្រមាណជាង ១៨លាននាក់ នៅឆ្នាំ២០៣០ នឹងមានតម្រូវការលំនៅឋានថ្មីជាង ១,១លានបន្ថែមទៀត។ បើតាមការលើកឡើងរបស់ លោក ឡៅ ទិព្វសីហា បានបន្តថា ក្នុងនោះរាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺន លំនៅឋាន ដោយជាមធ្យមតម្រូវការលំនៅឋានមានប្រមាណជាង ៥ម៉ឺនខ្នង ក្នុង១ឆ្នាំ។
បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាថា វិស័យសំណង់នៅកម្ពុជាបានរីកចម្រើនខ្លាំងចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ដោយគេឃើញមានសំណង់តូច-ធំ លេចឡើងជាបន្តបន្ទាប់ ពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ដោយ៖ មឿន ឌីណា (Moeun Dyna)