Register Already an agent ? Login

CDC បានអនុម័តគម្រោងបង្កើតរោងចក្រ៩ ផ្នែកផ្សេងគ្នា មានទុនសរុបជិត៦០លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្របម្រើឱ្យវិស័យផ្សេងគ្នាចំនួន៩ មានទុនសរុប ៥៤,៨លានដុល្លារ ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៧ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។

២-ក្រុមហ៊ុន FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។

៣-ក្រុមហ៊ុន YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥៣១កន្លែង។

៤-ក្រុមហ៊ុន X J X INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។

៥-ក្រុមហ៊ុន CAMBODIAN XIN HUANG MING GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១៤១កន្លែង។

៦-ក្រុមហ៊ុន L&G PACKAGING MATERIALS CO., LTD គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

៧-ក្រុមហ៊ុន OPTIMA GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២២៦កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង២ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន LINGRICH BICYCLE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦,២៥០កន្លែង។

២-ក្រុមហ៊ុន LATIDO ELECTRICAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៩០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)