ភ្នំពេញ៖ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្ក របស់ក្រសួងយុត្តិធម៌ ទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានបណ្តោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ម៉ែត្រការ៉េ បានប្រើរយៈពេលសាងសង់ ២ឆ្នាំ និង៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
តាមរយៈសមិទ្ធផលនាពេលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់ នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុង វិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ អនុវត្តការងាររបស់ខ្លួន បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនលើវិស័យនេះ។
ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មាន ទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការ គ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង, សម្ដេចតេជោនាយករដ្ឋមន្តី បានសម្រេច ផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិ ព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបាន អនុញ្ញាតមានការសាងសង់នូវ អគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនៅលើទីតាំងដីនេះ ដែលនឹងក្លាយជាកន្លែង បំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។
អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារ សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្ម ដែលជា អតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌។
អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ម៉ែត្រការ៉េ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។
ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦លានដុល្លារ និងអនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌" (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕់
ដោយ៖ មឿន ឌីណា (Moeun Dyna)