កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។
គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស។
ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។
បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា។
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ចំណុចចាប់ផ្ដើម ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ចំណុចបញ្ចប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកការដ្ឋានសាងសង់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បញ្ចប់ការសាងសង់ បញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃទី២២ ខែមិថុនា ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣១,១% ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) កត្តាភូមិសាស្រ្ត និង កត្តាអាកាសធាតុ (រដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី) ជាដើម។
ជាការឆ្លើយតបទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់ បានដាក់ចេញនូវផែនការសកម្មភាពអាទិភាពធំៗ ចំនួន៣ ក្នុងនោះរួមមាន៖ ១-បង្កើនចំនួនក្រុមការងារពី ០៣ ទៅ ០៨, ២-ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា ក្រុមការងារត្រូវបង្វែរកម្លាំងទៅផ្តោតលើការសាងសង់គ្រឿងដង្គុំស្ពានជំនួសវិញ និង ៣-ស្តុកទុកនូវសម្ភារចំបាច់ ក្នុងការចាក់ក្រាលស្រទាប់កៅស៊ូឱ្យបានរួចរាល់ ត្រៀមសម្រាប់រដូវប្រាំង ដែលមកដល់នាពេលខាងមុខ ដោយសារការងារនេះមានទំហំ ស្មើនឹង៣០% នៃការងារសរុប។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។
បេសកកម្មនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមទីតាំងមួយចំនួន ដើម្បីបង្ហាញជូនគណៈប្រតិភូផងដែរ។ លទ្ធផលនៃការធ្វើតេស្តមានភាពល្អប្រសើរ ស្របតាមបទដ្ឋានដែលបានកំណត់ ដែលនេះបញ្ជាក់ឱ្យឃើញពីភាពម៉ត់ចត់ត្រឹមត្រូវ ក្នុងការអនុវត្តការងារកន្លងមក។
លោក ស៊ុន ចាន់ថុល បានចុះពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ។
បន្ថែមពីនេះ គម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ឬ រុះរើស្ពានចាស់ ហើយសង់ថ្មីតែម្តង ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រ ក៏ត្រូវបានពិនិត្យលទ្ធភាពផងដែរ។ គម្រោងទាំងពីរនេះ រំពឹងថានឹងចូលរួមជំរុញការតភ្ជាប់ សម្រួលការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា-ថៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)