Register Already an agent ? Login

លោក ថោង ខុន គ្រោងស្នើរាជរដ្ឋាភិបាលទុកអាកាសយានដ្ឋានអន្តរជាតិចាស់សៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងសមស្របណាមួយ។

ការលើកឡើងរបស់ លោក ថោង ខុន នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។

សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

លោក ថោង ខុន បានបញ្ជាក់ថា ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ អាចដាក់ការស្នើទៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

នាឱកាសនោះ លោក ក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូន សម្ដេចតេជោ ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។

បើតាមការគ្រោងទុក នាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងត្រូវបើកដំណើរការជាផ្លូវហើយ។ អាកាសយានដ្ឋានថ្មីនេះបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅកាត់ AIAI ក្រោមទុនវិនិយោគប្រមាណ៨៨០លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ៧ ០០ហិកតា ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានបេតិកភណ្ឌអង្គរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)