Register Already an agent ? Login

CDC បានអនុម័តគម្រោងរោងចក្រធំ១តម្លៃ ១៣៨លានដុល្លារ និង៥ទៀតជិត ៣០លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ទុនវិនិយោគប្រមាណ ១៣៨លានដុល្លារ និងរោងចក្រចំនួន ៥ទៀត ទុនវិនិយោគប្រមាណ ២៥,៥លានដុល្លារ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៦ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន NEWBUSTAR (CAMBODIA) TIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, ក្នុងទុនវិនិយោគប្រមាណ ១៣៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧៥កន្លែង។

២- ក្រុមហ៊ុន្ METAL JEWELRY (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលំអផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣៤កន្លែង។

៣- ក្រុមហ៊ុន RONGDASHENG INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង អំពូលលំអ និងផលិតជើងទម្រគ្រប់ប្រភេទសម្រាប់ដាក់តាំងលំអអំពូលភ្លើង ការតុបតែងតាមផ្ទះនិងសួនច្បារ ផលិតផលប្លាស្ទីក និងសម្ភារបរិក្ខារអេឡិចត្រូនិកគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។

៤-ក្រុមហ៊ុន TG-BROTHER ELECTRONIC LIGHTING CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលំអ ផលិតផលប្លាស្ទិក ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៥៤ កន្លែង។

៥-ក្រុមហ៊ុន SINICE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាវទឹក ថ្នាំលាប ទឹកថ្នាំបោះពុម្ព និងសាធាតុគីមីដទៃទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង។

៦-ក្រុមហ៊ុន BOXU CRAFTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ សម្ភារៈលំអក្នុងផ្នះ និងសម្ភារៈលំអដើមគ្រីស្មាស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៩កន្លែង​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)