Register Already an agent ? Login

អ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ បានចូលមកកម្ពុជា កើនឡើងជាង៣០០% ៥ខែដើមឆ្នាំ២០២៣

ភ្នំពេញ​៖ កម្ពុជា ទទួលបានអ្នក​ដំណើរតាមផ្លូវអាកាស ២,១០៩,៦១២នាក់ កើនឡើង ៣៣៨%​% ដែលមានជើងហោះចំនួន ​២០​ ៧៣៩​ ​កើនឡើង ​១៦៦%​ រយៈពេល៥ខែឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។

លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតមកដល់បំណាច់ខែ៥ ឆ្នាំ២០២៣ នេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៦ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញគឺស្មើនឹងជាង ៥០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ​ដែលនៅឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៣ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ។

ផ្លូវហោះហើរដែលនាំមុខគេ នោះគឺផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សិង្ហបុរី-ភ្នំពេញ និងភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ។ បើតាមការបញ្ជាក់របស់ លោក ស៊ិន ចាន់សេរីវុត្ថា បានបន្តថា អាកាសចរណ៍ស៊ីវិលរពឹងទុកថា ក្នុងពេលឆាប់ៗ នេះនឹងមានការកើនឡើងផ្លូវហោះហើរ រវាង កម្ពុជា-ចិន បន្ថែមទៀតនាពេលខាងមុខផងដែរ​។

បើតាម Fresh News ដែលបានស្រង់សំដី លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងថា គិតមកដល់បំណាច់ខែ៥ ឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួន ៤២២ជើង ​ក្នុង១‌សប្តាហ៍ ​​ក្នុងនោះ៖ ភ្នំពេញទទួលបាន ជើងហោះហើរចំនួន ៣១៧ ជើងក្នុង១សប្តាហ៍ ​សៀមរាបទទួលបាន ជើងហោះហើរចំនួន ៩៨ ជើងក្នុង១សប្តាហ៍ ​​និងខេត្តព្រះសីហនុទទួលបាន ជើងហោះហើរចំនួន ១១ ជើងក្នុង១សប្តាហ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)