Register Already an agent ? Login

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាល្លឺម៉ង់ មាន​ទឹកប្រាក់​ជាង ៤៣៥លាន​ដុល្លារ ធ្លាក់ចុះ ១២% ៥ខែឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាល្លឺម៉ង់ រយៈពេល៥ខែឆ្នាំ២០២៣ មាន​ទឹកប្រាក់ ៤៣៥,៥២​លាន​ដុ​ល្លារ ធ្លាក់ចុះ ១២,៦% បើធៀបរយៈពេលដូចគ្នា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ មានចំនួន ៤៩៨,២១​លាន​ដុល្លារ។ នេះយោងតាមស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​អាល្លឺម៉ង់ មានទឹកប្រាក់ ៣៤៨,៧​លាន​ដុល្លារ ថយចុះ ១៨,៥% និង​ទំនិញ​អាល្លឺម៉ង់​នាំមក​វិញ ៨៦,៨២លាន​ដុល្លារ កើនឡើង ២៣,៣% ​ពី​ ៧០,៤​លាន​ដុល្លារ​។

គូសបញ្ជាក់ថា ទំនិញ​ដែល​ប្រទេស​កម្ពុជា​នាំទៅ​អាល្លឺម៉ង់​មាន​ភាគច្រើន ជា​សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ គ្រឿង​បង្គុំ​អគ្គិសនី និង​ផលិតផល​កសិកម្ម ខណៈ​ទំនិញ​នាំចូល​មកពី​អាល្លឺម៉ង់ រួមមាន រថយន្ត គ្រឿង​ម៉ាស៊ីន​ធំៗ គ្រឿងសង្ហារិម និង​គ្រឿង​សំណង់ ជាដើម​។

សូមរម្លឹកថា នៅឆ្នាំ​២០២២ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​អាល្លឺម៉ង់ មាន​ទឹកប្រាក់​សរុប ១ ២៤៦,៩លាន​ដុល្លារ កើនឡើង ១៩,៣ ​% ​បើធៀបនឹង​ឆ្នាំ​២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុ​ជាមាន​ចំនួន ១ ០៨៣,៦២លាន​ដុ​ល្លារ កើន ២៣% និង​នាំ​​ចូល ១៦៣,២៨​លាន​ដុល្លារ ធ្លាក់ចុះ ០,៨%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)