កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមនៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ក្រោមទំហំទឹកប្រាក់ជាង ៧៨លានដុល្លារ វឌ្ឍនភាពការងារសម្រេចបានជាង ៣១%។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ចុះពិនិត្យបច្ចេកទេស លទ្ធផលនៃការធ្វើតេស្តមានភាពល្អប្រសើរ ស្របតាមបទដ្ឋានដែលបានកំណត់ ដែលនេះបញ្ជាក់ឱ្យឃើញពីភាពម៉ត់ចត់ត្រឹមត្រូវ ក្នុងការអនុវត្តការងារកន្លងមក។ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣១,១%។
តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព មានភាពយឺតយ៉ាវជាងផែនការបន្តិច បណ្តាលមកពីបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) កត្តាភូមិសាស្រ្ត និងកត្តាអាកាសធាតុ (រដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី) ជាដើម។
ជាការឆ្លើយតបទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់ បានដាក់ចេញនូវផែនការសកម្មភាពអាទិភាពធំៗ ចំនួន៣ ក្នុងនោះរួមមាន៖
១-បង្កើនចំនួនក្រុមការងារពី ៣ ទៅ ៨, ២-ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា ក្រុមការងារត្រូវបង្វែរកម្លាំងទៅផ្តោតលើការសាងសង់គ្រឿងបង្គុំស្ពានជំនួសវិញ, ៣-ស្តុកទុកនូវសម្ភារចំបាច់ ក្នុងការចាក់ក្រាលស្រទាប់កៅស៊ូឱ្យបានរួចរាល់ ត្រៀមសម្រាប់រដូវប្រាំង ដែលមកដល់នាពេលខាងមុខ ដោយសារការងារនេះមានទំហំ ស្មើរនឹង ៣០% នៃការងារសរុប។
តាមការពិនិត្យរបស់ លោក ស៊ុន ចាន់ថុល លទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ។
បន្ថែមពីនេះ គម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ឬ រុះរើស្ពានចាស់ ហើយសង់ថ្មីតែម្តង ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រ ក៏ត្រូវបានពិនិត្យលទ្ធភាពផងដែរ។ គម្រោងទាំងពីរនេះ រំពឹងថានឹងចូលរួមជំរុញការតភ្ជាប់ សម្រួលការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
សូរម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)