Register Already an agent ? Login

ពន្ធដារ រម្លឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងរម្លឹកពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣។ បើតាមសេចក្ដីជូនដំណឹងចុះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានពន្ធដារ។

ដូច្នេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរម្លឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមការបន្ថែម របស់ អគ្គនាយកដ្ឋានពន្ធដារ។

បើតាមសេចក្ដីជូនដំណឹងនេះ បានសង្កត់ធ្ងន់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។

ចំពោះបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធ សាធារណជនអាចអញ្ជើញទៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ វឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store៕

ដោយ៖ មឿន ឌីណា (Moeun Dyna)