ព្រះសីហនុ៖ វិនិយោគិន បើចង់វិនិយោគនៅខេត្តព្រះសីហនុដែលមានដើមទុនក្រោម ៥លានដុល្លារ អាចស្នើសុំមកអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទេ។ បើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ចាប់ពីខែកញ្ញាតទៅ ជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ ប្រសិនបើបងប្អូនចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDC នោះទេ ចំពោះការវិនិយោគមានដើមទុកក្រោម ៥លានដុល្លារ គឺគ្រាន់តែស្នើសុំមកអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ និងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាលសម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់របស់ លោក គួច ចំរើន។
លោក គួច ចំរើន ដែលបានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងបន្តថា ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ អន្តរជាតិនៅខេត្តព្រះសីហនុ។
លោក បានថ្លែងបន្តថា យើងគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផ្តល់ភាពងាយស្រួលដល់បងប្អូនអាជីវករ ពាណិជ្ជកររបស់យើងរួមចំណែកដល់ការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរថែមទៀត សង្ឃឹមថាពាណិជ្ជករនិងអុ្នកវិនិយោគបានស្វែងយល់បញ្ហានេះកាន់តែច្បាស់ និងមានទំនុកចិត្តឈានទៅរកជោគជ័យសម្រាប់យើងទាំងអស់គ្នា។
សម្រាប់ខេត្តព្រះសីហនុមកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់វិនិយោគ ដោយសាររាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន) ឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេ នៅតែរង់ចាំការសម្រិតសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ផែនការមេ ជាត្រីវិស័យដ៏សំខាន់សម្រាប់ចង្អុលទិសអភិវឌ្ឍនៅខេត្តព្រះសីហនុរបស់យើង។ បើតាមការថ្លែងឱ្យដឹងពី លោក គួច ចំរើន។
លោក អភិបាលខេត្ត បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះត្រូវបានយកចិត្តទុកដាក់ពី CDC បានកំពុងខិតខំជំរុញលើកទឹកចិត្ត ដើម្បីឱ្យអនុវត្តឱ្យបានពេញលេញ និងជាការគាំទ្រដោយផ្ទាល់ទទួលបានអត្ថប្រយោជន៍ពីការគិតគូររបស់រាជរដ្ឋាភិបាល ហើយមានអ្នកវិនិយោគកំពុងចាប់យកឱកាសធ្វើការវិនិយោគប្រមូលផ្តុំចំនួន ៣ នៅខេត្តរបស់យើងមានដូចជា ក្រុមហ៊ុនមួយកំពុងបានរៀបចំកែលម្អតារាងវាយកូនហ្គោល នៅតំបន់រាម ដែលការវិនិយោគជាផ្នែកមួយ នៃការទាក់ទាញផលិតផលទេសចរណ៍មួយថ្មីសម្រាប់ខេត្តរបស់យើងផងដែរ។
បើតាម លោក គួច ចំរើន បានឱ្យដឹងទៀតថា នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់រួមមានដូចជា៖ សណ្ឋាគារ ខុនដូរ ផ្សារ សួនចញ្ចឹមត្រី វាបានផ្តល់ផលិតផលទេសចរណ៍មួយយ៉ាងធំធេង ហើយគម្រោងនេះគ្រោងបើកការដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ។
មានផ្សារនៅពីខាងក្រោយយើងកំពុងធ្វើការវិនិយោគ ហើយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ថ្មីមួយនៅខេត្តព្រះសីហនុ ដែលពួកគាត់ចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដែលមានសក្តានុពល ហើយក៏ជាការលើកមុខមាត់ខេត្តព្រះសីហនុ។ បើតាមការឱ្យដឹងបន្ថែមទៀតរបស់ លោក គួច ចំរើន។
លោក បានលើកឡើងដោយបញ្ជាក់ថា ដូច្នេះ សភាពាណិជ្ជកម្មានភារកិច្ចក្នុងការធ្វើទំនាក់ទំនងជាមួយវិនិយោគ និងត្រូវដឹងអំពីចំនួន និងគោលបំណងគោលដៅវិនិយោគថ្មីប៉ុន្មាន ចាស់ប៉ុន្មានដែលកំពុងបន្តរកស៊ីនៅខេត្ត បើសភាពាណិជ្ជកម្មរបស់យើងគ្រប់គ្រងបញ្ហាទាំងនេះបាន ធ្វើឱ្យស្ថានភាពអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើថែមទៀត យើងមានលទ្ធភាពចែករំលែកព័ត៌មានល្អៗដល់អ្នកវិនិយោគ ហើយរដ្ឋបាលខេត្តលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)