ព្រះសីហនុ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិល មកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ថ្ងៃនេះយើងបានតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តកោះកុង មកកាន់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយអ្នកកោះរ៉ុងមានសំណាងមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង។ នេះជាការថ្លែងរបស់ លោក គួច ចំរើន បានបន្តថា ហើយបណ្តាញអគ្គិសនីនៅលើកោះនេះ និងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋតំបន់កោះ។
លោក គួច ចំរើន បានថ្លែងបន្តថា ខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទន្ទឹមនោះក៏មានហេដ្ឋារចនាតភ្ជាប់ពីភូមិមួយទៅភូមិមួយសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ និងមានសមិទ្ធផលជាច្រើនផ្សេងៗទៀតដែលបាននឹងកំពុងកើតមាននាពេលបច្ចុប្បន្ន។
ប្រមុខរាជរដ្ឋាភិបាល បានគិតគូរពីសុខទុកប្រជាពលរដ្ឋនៅតំបន់កោះ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនីជាតិ យើងចង់ធ្វើឱ្យបានលឿន ឆាប់ ហើយខ្សែបណ្តាញអគ្គិសនីនេះមានប្រវែងជាង ១០០គីឡូម៉ែត្រ។ បើតាមការបន្ថែមរបស់ លោក គួច ចំរើន។
លោក បានលើកឡើកថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យ លោក កែវ រតនៈ បំពេញការងារតភ្ជាប់បណ្តាញអគ្គិសនីជាតិមកកាន់ប្រជាពលរដ្ឋតំបន់កោះ ព្រមទាំងបានអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវបេតុងមានប្រវែងជាង ៤០គីឡូ។ ហើយសមិទ្ធផលដែលរាជរដ្ឋាភិបាលបានវិនិយោគឱ្យក្រុមហ៊ុននៅលើកោះ ដើម្បីជំរុញការអភិវឌ្ឍកែឆ្នៃសក្តានុពលវិនិយោគ ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។ បើតាមការបញ្ជាក់ ពីអភិបាលខេត្តព្រះសីហនុ។
នៅក្នុងពិធីនោះ លោក កែវ រតនៈ បានមានប្រសាសន៍ថា ជំនួសមុខឱ្យ សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរសមិទ្ធផលនេះ ដែលបងប្អូនទទួលបានអគ្គិសនីបណ្តាញជាតិប្រើប្រាស់ ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សង្កាត់កោះរ៉ុង ដូចជា៖ ១.ភ្លើងបណ្តាញជាតិ ២៤ម៉ោង ព្រោះការផលិតភ្លើងរបស់យើងមានគ្រប់គ្រាន ២.អគ្គិសនីចេញពីថាមពលស្អាត ៣.ភ្លើងដែលមានតម្លៃថោក ជាភ្លើងអនុគ្រោះ រដ្ឋជាអ្នកចេញថ្លៃខាតជំនួសប្រជាពលរដ្ឋ។
ការបេ្តជ្ញារបស់ សម្តេចតេជោ ហ៊ុន សែន មិនឱ្យអគ្គិសនីឡើងថ្លៃ ពិសេសគឺចង់ឱ្យអ្នកកោះរ៉ុង មានទឹកស្អាត ភ្លើងរបស់រដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក។ បើតាមការបញ្ជាក់របស់ លោក កែវ រតនៈ បានបន្តថា វឌ្ឍនភាព ២៥ឆ្នាំ កម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍទើបយើងរៀបចំប្រភពអគ្គិសនីប្ រើដោយមានដូចជា ៖ ១.វារីអគ្គិសនី ២.អគ្គិសនីប្រើដោយធ្យូងថ្ម ៣.អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ។
នាឱកាសនោះ លោក បានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះជាធនធានជាតិរបស់យើងទាំងអស់គ្នា ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវ បន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។
អគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា កម្ពុជាមានបណ្តាញខ្សែកាបនៅបាតសមុទ្រ និងខ្សែកាបនៅបាតទន្លេ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់មកដល់បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាបានគ្របដណ្តប់លើភូមិចំនួន ៩៩ភាគរយ និងបន្តឱ្យប្រជាពលរដ្ឋនៅតាមជនបទមានភ្លើងប្រើប្រាស់នៅតាមខ្នងផ្ទះឱ្យបាន ១០០ភាគរយនៅពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)