ភ្នំពេញ៖ ពេញមួយឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ ដោយបានរួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៣.៦%នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។
បើតាមរបាយការណ៍នេះ នៅឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង១០៥៨.៦% និងភ្ញៀវទេសចរជាតិ ១៣.៩៣លាននាក់ កើនឡើង១៩៨.៨%។ ចំណែកឯភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣០៧៩.៥%។
របាយការណ៍បានបញ្ជាក់ថា «ពេញមួយឆ្នាំ២០២២កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ»។
របាយការណ៍ បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣.៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។
របាយការណ៍ដដែលបានអះអាងថា រយៈពេលស្នាក់នៅមធ្យម៣ថ្ងៃ២យប់ និងចំណាយរបស់ភ្ញៀវទេសចរជាតិម្នាក់ៗជាមធ្យម ៥០ដុល្លារ។
នៅក្នុងឆ្នាំ២០២២ដូចគ្នានោះ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ៣២ម៉ឺននាក់។
គួរជម្រាបថា រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ក៏រំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)