Register Already an agent ? Login

ផ្លូវ៤ខ្សែប្រវែងជាង២២គ.ម ឆ្លងកាត់ស្រុក៤ ក្នុងខេត្តកំពង់ចាមបានបើកការដា្ឋនក្រាលកៅស៊ូតម្លៃជិត ៣លានដុល្លារ

កំពង់ចាម៖ ផ្លូវ ៤ខ្សែប្រវែង២២.៥៣គីឡូម៉ែត្រ ឆ្លងកាត់ស្រុកចំនួន៤ គឺស្រុកបាធាយ ជើងព្រៃ ព្រៃឈរ និងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម បានបើកការដ្ឋានជួសជុលក្រាលកៅស៊ូ ប្រភេទ DEST តម្លៃ ២.៩៧៩.៤៣៥ដុល្លារក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងពិធីនេះ លោក អ៊ុន ចាន់ដា បានថ្លែងថា គម្រោងជួសជុលកែលម្អផ្លូវសរុបប្រវែងជាង២២គីឡូម៉ែត្រ ចំណាយថវិកាសរុបចំនួន ២.៩៧៩.៤៣៥ដុល្លារ ក្នុងនោះ ស្រុកស្ទឹងត្រង់ ផ្លូវពីរខ្សែប្រវែងសរុប ៧.០១គីឡូម៉ែត្រ ចំណាយថវិកាចំនួន ៨៣៨ ៣០៥ដុល្លារ។

លោក បានបន្តថា ខ្សែទី១ ជួសជុលកែលម្អផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៤,៥៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិសូភាស និងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់, ខ្សែទី២ ជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង ២.៤៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិអន្តោល និងភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់។

លោក អ៊ុន ចាន់ដា បានបន្តទៀតថា ក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ជួសជុលកែលម្អផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១០,០១គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦A ត្រង់ចំណុចក្លោងទ្វារវត្តកំណ មកភ្ជាប់ផ្លូវកៅ ស៊ូដែល តភ្ជាប់ពីផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំសូរ្យសែន ស្រុកព្រៃឈរ និងឃុំស្រម៉ ស្រុកជើងព្រៃ ចំណាយថវិកាចំនួន ១ ៣២០ ៥៥១ដុល្លារ។

ចំពោះផ្លូវក្នុងស្រុកបាធាយ ជួសជុលកែលម្អផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៥,៥១គីឡូម៉ែត្រ ឈ្មោះផ្លូវស្តុកធំ-ក្រដាសខ-ភ្នំព្រះវិហារ ចេញពីផ្លូវកៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រង់ក្លោងទ្វារវត្តភ្នំព្រះវិហារ មកភ្ជាប់នឹងផ្លូវឃុំ ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ដោយគ្រោងចំណាយថវិកាចំនួន ៨២០ ៥៧៧ដុល្លារ។ បើតាមការបន្ថែមរបស់ លោក អ៊ុន ចាន់ដា។

ការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងដែលធ្វើឱ្យការស្ថាបនាផ្លូវ នាពេលនេះលេចចេញជារូបរាង គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល ទៅរកទីផ្សារបានឆាប់រហ័ស ទទួលបានផលចំណេញដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើងផងដែរ។ បើតាមការលើកឡើងរបស់ លោក ឌិត ទីណា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)