ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន៥ មានទីតាំងនៅ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ និងផ្សារទំនើប នៅព្រះសីហនុ ដែលមានទុនវិនិយោគសរុប ៤៥លានដុល្លារ តាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៦។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-ក្រុមហ៊ុន DRF-MART FA DAO JIA TRADING CO., LTD គម្រោងសាងសង់ផ្សារទំនើប ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។
២-ក្រុមហ៊ុន ZHAO CHUNXIANG PROCESSING FACTORY CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។
៣-ក្រុមហ៊ុន GREAT ZHENXIN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥៣៧កន្លែង។
៤-ក្រុមហ៊ុនNIUENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិស ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥៣០កន្លែង។
៥-ក្រុមហ៊ុន LONG MARCH GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៧២៣កន្លែង។
៦-ក្រុមហ៊ុន TEAM INDUSTRIAL COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិស ស្ថិតនៅអគារA ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៧៦កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)