Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា មានទឹកប្រាក់ជាង ៣៣២លានដុល្លារ ធ្លាក់ចុះជិត៣០% ៥ខែឆ្នាំ២០២៣

ភ្នំពេញ៖ ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៣៣២,១៨​លាន​ដុល្លារ ធ្លាក់ចុះ ២៨,១% បើ​ធៀបគ្រា​ដូចគ្នា​ឆ្នាំ​២០២២ ដែលមានទឹកប្រាក់ ៤៦១,៨លាន​ដុល្លារ។ បើតាមស្ថិតិ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបន្តថា កម្ពុជា​នាំទៅ​កាណាដា ៣២៤,០៩​លាន​ដុ​ល្លារ ​ធ្លាក់ចុះ២៨,២% កាណាដា​នាំមក​កម្ពុជា ៨,១លាន​ដុល្លារ ធ្លាក់ចុះ២០%​។

​សម្រាប់​ខែឧសភា ពាណិជ្ជកម្ម​ប្រទេស​ទាំងពី មាន​ទឹកប្រាក់​សរុប ៨០,៩៦​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ ​៧៨,៦៦លាន​ដុល្លារ និង​នាំ​ចូល២,៣​ លាន​ដុល្លារ បើ​ធៀប​ខែមេសា ឆ្នាំ​២០២៣ គឺ​កើនឡើង ៣៨,៣៨% ​ពី​ចំនួន ៥៨,៥​លាន​ដុល្លារ​។​ បើតាមស្ថិតិដដែ។

ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា គឺ​ដោយសារ​វិបត្តិ​សង្គ្រាម​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​។ ​បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបន្តថា នៅពេល​ជម្លោះ​ប្រដាប់អាវុធ​នេះ​បញ្ចប់ សម្ទុះ​នៃ​ការធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ប្រាកដជា​នឹង​កើនឡើង ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​គោលដៅ​សំ​ខាន់ៗ រួមទាំង​ប្រទេស​កា​ណា​ដា នឹងមាន​សម្ទុះ​ឡើងវិញ​។​

ពាណិជ្ជកម្ម​អន្តរ​​ជាតិ​តែង​ផ្សារភ្ជាប់​ព្រឹត្តិការណ៍​អន្តរជាតិ គឺ​បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង ការធ្វើ​ពាណិជ្ជកម្ម​ក៏​ជួប​បញ្ហា​ដែរ​។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង បានបន្តថា ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា-​កាណាដា នឹងមាន​សញ្ញា​វិ​ជ្ជ​មាន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់ពី​ត្រីមាស​ទី​២។

បើតាមភ្នំពេញប៉ុស្តិ៍បានស្រង់សំដី លោក លឹម ហេង ឱ្យដឹងថា ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​កាណាដា មានដូចជា ផលិតផល​សម្លៀក​បំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​អគ្គិសនី កង់ ជាដើម​។ ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា រួមមាន​រថយន្ត គ្រឿង​អេឡិចត្រូនិក​។​

​សូមរម្លឹកថា ក្នុង​ឆ្នាំ​២០២២ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ១ ១៥៤,៤៧លាន​ដុល្លារ កើនឡើង ១៦,១% ​ធៀប​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៩៩៤,៧២​លាន​ដុល្លារ ​ក្នុងនោះ​កម្ពុជា​នាំទៅ​កាណាដា ១ ១២០,៥៩​លាន​ដុល្លារ កើន ១៧,៤% ​ចំណែក​ទំនិញ​កា​ណា​ដា នាំមក​កម្ពុជាមាន​ចំនួន ៣៣,៨៨​លាន​ដុល្លារ ធ្លាក់ចុះ ១៥,១%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)​