Register Already an agent ? Login

កម្ពុជា ទទួលបានប្រាក់កម្ចីពីជប៉ុនជិត ២០០ដុល្លារ ដើម្បីយកកែលម្អផ្លូវជនបទ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់​ឥណទានសម្បទានជិត ២០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ លោក ប្រាក់ សុខុន និងលោក UENO Atsushi នឹងចុះហត្ថលេខាប្រគល់និងទទួលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ទឹកប្រាក់ជិត ២០០លានដុល្លារ មានគម្រោងរួមមាន៖ 

១-ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣,៦៩២លានយ៉េន (ប្រមាណ ១៧២.៩៣លានដុល្លារ) សម្រាប់ការអនុវត្ត «គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ»

២-ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២,០៨១លានយ៉េន (ប្រមាណ ១៥.១៨លានដុល្លារ) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថ​ភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។

ការផ្ដល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ បើតាមការបញ្ជាក់របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ច​សហ​ប្រតិ​បត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាពេលថ្មីនេះៗបាន​ដំឡើង​ទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈ​ដែល​ប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនង​ការ​ទូត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)