ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហ៊ានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
គម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) ៨៥លានដុល្លារ ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank) ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារ។
គម្រោងបាក់ខែងនេះ មានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រក្នុងមួយថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មជាបន្តបន្ទាប់អាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកបាញ់ចេញរហូតដល់២៨ម៉ែត្រ ដែលនឹងផ្ដល់សេវាទឹកស្អាតជូនដល់ប្រជាពលរដ្ឋកាន់តែងាយស្រួល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាសជាច្រើននោះ យើងនៅតែត្រូវការទឹកស្អាតជាបន្តបន្ទាប់ទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តជប៉ុន ,បារាំង និងអឺរ៉ុប ដែលបានជួយដល់កម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
គូសបញ្ជាក់ថា សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារ ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារ។ សរុបថវិកាវិនិយោគលើរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកាសរុបជិត ៤០០លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)