ភ្នំពេញ៖ កម្ពុជា ជាប្រទេសជាប់លំដាប់ទី១០ ដែលមានការដាំដុះដំណាំស្វាយចន្ទីក្នុងចំណោមប្រទេសដាំដុះធំៗនៅលើពិភពលោក កាលពីឆ្នាំ២០១៩។ បើយោងទៅតាម គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជាមានការកើនឡើនគួរឱ្យកត់សម្គាល់។ នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ផ្ទៃដីដាំដុះបានកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ២២៨ ០៣៧ហិកតា និងផ្ទៃដីប្រមូលផលកើនពី ៧៨ ៥៨៤ហិកតា ដល់១៤៥ ៨៤០ហិកតា។
មកទល់នឹងឆ្នាំ២០២១ កំណើនផ្ទៃដីដាំដុះស្វាយចន្ទីមាន ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលមាន ២៧៥ ៦៧៩ហិកតា ដែលទិន្នផលជាមធ្យមទទួលបាន១,៧៤តោន ក្នុងមួយហិកតា និងទទួលបានបរិមាណផលសរុបប្រមាណ ៤៧២ ៦៣៦តោន ក្នុងមួយឆ្នាំ។
ទោះបីមានការកើនឡើងបែបនេះក្ដី ដំដាំស្វាយចន្ទីនៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ និងយកចិត្តទុកដាក់ បច្ចេកទេសដាំដុះ ពូជល្អ ផ្ដល់ទន្នផលខ្ពស់ គ្មានជំងឺ ធន់នឹងការរាតត្បាតពីសមាសភាពចង្រៃ និងការប្រែប្រួលអាកាសធាតុ ការប្រមូលផល ការកែច្នៃ និងការស្តុកទុក ពុំទាន់អនុវត្តតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ សមត្ថភាពកែច្នៃនៅមានកម្រិតទាំងបច្ចេកទេសនិងបរិមាណ និងធន់ធាបមនុស្ស។
គិតឆ្នាំ២០១៨ ប្រជាជននៅជនបទដែលកំពុងប្រកបមុខរបរដាំដុះស្វាយចន្ទី មានប្រមាណ ៧ម៉ឺនគ្រួសារ ក្នុងនោះការដាំដុះបែបគ្រួសារមានផ្ទៃដីក្រោម ៥ហិកតា មាន៧៨% និងធំជាង ១០ហិកតា មាន៦%។
ខេត្តចំនួន ១០ ដែលមានផ្ទៃដីដំណាំស្វាយចន្ទីច្រើនជាងគេ មានខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី សៀមរាប។ ពូជស្វាយចន្ទី ដែលកសិករនិយមដាំនៅកម្ពុជាមានពូជ M23 M10 M1 IM4 និងពូជH09។ ទីតាំងកែច្នៃផលិតផលពាក់កណ្ដាលសម្រេចមាននៅខេត្តត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ និងកណ្ដាល។
មកទល់នឹងឆ្នាំ២០២០ សិប្បកម្មកែច្នៃផលិតផលស្វាយចន្ទីមាន១២ ក្រុមហ៊ុនវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីមានចំនួន៤ និងក្រុមហ៊ុននាំចេញមានចំនួន៥៩។
កម្ពុជា ជាប្រទេសជាប់លំដាប់ទី១០ ដែលមានការដាំដុះដំណាំស្វាយចន្ទីក្នុងចំណោមប្រទេសដាំដុះធំៗនៅលើពិភពលោក កាលពីឆ្នាំ២០១៩។ ប្រទេសកូតឌីវ័រ ជាប្រទេសមានផ្ទៃដីប្រមូលស្វាយចន្ទីច្រើនជាងលើពិភពលោក ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១ ៩១៣ ០៧៣ហិកតា និងទទួលបានទិ្នផលសរុប ៧៩២ ៦៧៨តោនក្នុងមួយឆ្នាំ។ ប្រទេសចំនួន៩ទៀត មានផ្ទៃដីទាំងមូលផលច្រើនបន្ទាន់រួមមាន ប្រទេសឥណ្ឌា តង់សានី បេណាំង ឥណ្ឌូណេស៊ី ប្រេស៊ីល ហ្គីនេប៊ីហ្សូ បូរុនឌី វៀតណាម កម្ពុជា។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងអំពីសក្តានុពលនៃដំណាំស្វាយចន្ទីកម្ពុជា ដែលជាដំណាំកសិ-ឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈ គុណភាព ការកែច្នៃ និងការនាំចេញដែលទទួលបានតម្លៃខ្ពស់។
គោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ បើតាមការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្ដិ។
លោក រដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)