បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល គ្រោងចំណាយទឹកប្រាក់ប្រមាណ ៧៨លានដុល្លារ អភិវឌ្ឍន៍ទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ឱ្យស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលជាគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ហើយរដ្ឋបាលក្រុងប៉ោយប៉ែតកំពុងតែអនុវត្ត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាជរដ្ឋាភិបាល បានគូសរំលេចនូវយុទ្ធសាស្ត្រធំៗចំនួនពីរ សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង។
លោក គាត ហ៊ុល បានលើកឡើងបែបនេះប្រាប់អ្នកពត៌មានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ យុទ្ធសាស្ត្រធំៗទាំងពីរ រួមមាន៖
ទី១-ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។
ទី២-ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង, ប្រតិបត្តិការ និងថែទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួល បន្ទុកផងដែរ។
លោក គាត ហ៊ុល បានបន្តថា ជាក់ស្តែងសម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត ក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ «គម្រោងទីក្រុងគួរឱ្យចង់រស់នៅ» ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ៤ ក្នុងការអភិវឌ្ឍក្រុងទី រួមមាន៖ ១-គឺអភិវឌ្ឍន៍ប្រព័ន្ធលូ, ទី២-គម្រោងធ្វើផ្លូវ, ទី៣-ធ្វើទីលានចាក់ សំរាម និងទី៤ គម្រោងចម្រោះទឹកកខ្វក់។
លោក បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹក ភ្លៀងមិនឱ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។ គម្រោងនេះ យើងចាប់ផ្ដើមធ្វើបានមួយគម្រោងហើយគឺប្រព័ន្ធទឹកសម្រាប់កាត់បន្ថយជំនន់ទឹកភ្លៀងខាងជើងផ្លូវជាតិ បានន័យថាពេលភ្លៀងមកអស់កាត់ផ្លូវជាតិលេខ៥ ធ្លាក់ទៅអូរព្រំដែននេះ។
ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា គម្រោងខ្លះ បានសម្រេចហើយ តែនៅមានគម្រោងមួយចំនួនទៀតកំពុងបន្ត ដោយក្នុងនោះ គម្រោងចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូ ត្រូវបានក្រុមការងារក្រុង និងសង្កាត់កំពុងមមាញឹកសាងសង់ ដើម្បីអាចរំដោះទឹកជំនន់ឱ្យចេញពីទីក្រុងអស់ក្នុងរយៈពេលតែមួយថ្ងៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)