ភ្នំពេញ៖ ផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចំណុចចាប់ផ្ដើមពីរង្វង់មូលក្រុងតាខ្មៅ ចំណុចបញ្ចប់ស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ដែលបានបើកការដ្ឋានសាងសង់ អំឡុងខែមេសា ឆ្នាំ២០១៥ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលសាងសង់ ៤៦ខែ ទំហំទឹកប្រាក់គម្រោងប្រមាណ ៦០,៩២លានដុល្លារ។
ផ្លូវជាតិលេខ២១ កំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលជាខ្សែផ្លូវយុទ្ធ សាស្រ្តតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួន។
ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធ សាស្រ្តតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់ រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀត ណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវជាតិលេខ២១ ក្រោយពីបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រាស់ជាផ្លូវការក្រោមអធិបបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើននូវសក្ដានុពលថែមមួយកម្រិតទៀត ក្នុងនោះឃើញថា មានបុរី ផ្ទះល្វែង ផ្ទះអាជីវកម្មតូច-ធំ រោងចក្រ សហគ្រាស និងគ្រឹះស្ថានសិក្សាឯកជនបែបអន្តរជាតិផងដែរ។ ម្យ៉ាងវិញទៀត ផ្លូវនេះ ជាច្រកផ្លូវដ៏សំខាន់ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម ការធ្វើពាណិជ្ជកម្មផ្សេងៗ។
គូសបញ្ជាក់ថា ផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)