Register Already an agent ? Login

សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង ៧% នៅឆ្នាំ២០២៤

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកើនឡើងក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង ៧% នៅឆ្នាំ២០២៤។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកើនឡើងក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង ៧% នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសកម្ពុជា នឹងឈានទៅកាន់ “ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប” និងប្តេជ្ញាឈានទៅ “ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៥០ ខាងមុខនេះ។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ការថ្លែងខាងលើ របស់ លោក ប៉ាន សូរស័ក្ដិ ដែលបានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំង បានអបអរសាទរចំពោះគម្រប់ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ទាក់ទងទៅនឹងសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនគួរកត់សម្គាល់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​អំឡុងពេល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត ២ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន១២ ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ​កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៣​ ​បានថ្លែងថា តាមការ​ព្យាករ​ថា ក្នុង​ឆ្នាំ​២០២៣ សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ដល់ ៥,៦% ​ទោះបី​ប្រឈម​បញ្ហា​មួយចំនួន​ក៏ដោយ​។​

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា ប្រទេស​កម្ពុជា​មានការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍ មុននឹង​មានការ​វាយលុក​ពី​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ឆ្នាំ​២០២០​។ ក្រោយពី​បានក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅក្នុង​ឆ្នាំ​២០១៥ កម្ពុជាបានកំណត់​គោលដៅ​ក្នុងការ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ 

សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុងមាន​សម្ទុះ​ស្វាហាប់​ឆ្ពោះទៅ​ការ​ស្តារឡើងវិញ​ពេញលេញ ដោយសារ​មានការ​ជំរុញ​ពី​ផ្នែក​នាំចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវាកម្ម និង​កសិកម្ម​។​ បើតាម​របាយការណ៍ ធនាគារពិភពលោកប្រចាំកម្ពុជា ដែលបានចេញផ្សាយកាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា។

ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២​កន្លងទៅ​មាន​សភាព​រឹងមាំ ដោយ​ក្នុងនោះ​សម្រេចបាន​កំណើន​ក្នុង​កម្រិត ៥,២​%​។ បើតាមការបន្តនៅក្នុងរបាយការណ៍ WB បានបន្តបញ្ជាក់ថា សម្ទុះងើបឡើង​វិញ​ក្នុង​ផ្នែក​សេវាកម្ម ជាពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​, ការធ្វើដំណើរ​និង​បដិសណ្ឋារកិច្ច បាន​នាំ​កម្ពុជា​ត្រឡប់​ទៅរក​កម្រិត​កំណើន​ដែល​ធ្លាប់មាន​កាលពី​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ការមកដល់​នៃ​ភ្ញៀវ​បរទេស​មានការ​កើនឡើង​ខ្លាំង​ស្រប​ពេលដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។

បើតាមរបាយការណ៍ដដែល បានបន្ថែមថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​នេះ​បានមក​ក៏ដោយ​សារ​ថ្លៃទំនិញ​ក្នុងស្រុក​មាន​សភាព​ធូរស្រាល​បន្តិច​វិញ ទន្ទឹមគ្នា​នឹង​ការរក្សាបាន​នូវ​លំនឹង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ទំនិញ នៅ​ទូទាំង​ពិភពលោក ផងដែរ​។ នៅក្នុង​បរិបទ​នេះ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៣ នឹង​ស្ទុះ​ឡើងដល់​កម្រិត ៥,៥​%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)