Register Already an agent ? Login

បន្ទាប់ពីចរចា៣លើកបានបញ្ចប់ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខារួមគ្នាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ក្រោយពីមន្រ្តីជាន់កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចារចំនួន៣លើក ដែលការចរចាជុំទី១ បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅអេមីរ៉ាតអារ៉ាប់រួម និងជុំចុងក្រោយនៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកម្ពុជា ព្រមទាំងបានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ។ នៅថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម

ការចរចាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ បានដឹកនាំដោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងលោកម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ 

កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលធ្វើឡើងនៅវិមានសន្តិភាព។ 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលំហូរពាណិជ្ជកម្មទំនិញនិងសេវា វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម, ជំរុញការវិនិយោគ, បង្កើនការធ្វើពាណិជ្ជកម្មឌីជីថល, ការពារកម្មសិទ្ធិបញ្ញា, និងបង្កើនការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តប្រកបដោយតម្លាភាព ជាមួយនឹងឧបាស្រ័យពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ 

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ 

ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះ កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ។

ដោយអនុលោមតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិនៃភាគីទាំងពីរ សមិទ្ធិផលដ៏ធំធេងនេះ នឹងកា្លយជាកម្លាំងចលករក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំង ប្រកបដោយសក្តានុពលនិងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា។ ការណ៍នេះដែរ នឹងជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលលោកពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល។

បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីផ្ទៃក្នុងបន្ត ដើម្បីបំពេញនីតិវិធីផ្ទៃក្នុងនិងស្នើសុំសច្ចាប័នលើសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ នាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា៖ កិច្ចព្រមព្រៀង Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

គូសបញ្ជាក់ថា មុនចុះកិច្ចព្រមព្រៀមនេះ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកាធុរកិច្ចនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់វិនិយោគិន ធុរជន ផលិតករ និងពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បីអាចពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងវិនិយោគអាទិភាពរួម ជាពិសេសដោយត្រៀមប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវអត្ថប្រយោជន៍ និងកាលានុវត្តភាពនានាផ្តល់ដោយកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងចូលជាធរមាននាពេលខាងមុខ។

លោក រដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមមាន៖ ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងតំបន់ បរិយាកាសវិនិយោគអំណោយផល ពិពិធកម្មទីផ្សារនាំចេញទូលាយបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពធន់នៃសេដ្ឋកិច្ច ភាពសំបូរបែបនៃវត្ថុធាតុដើមសម្រាប់ផលិតកម្ម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។-ល-។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi បានធ្វើការកោតសរសើលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសក្តានុពលក្នុងការវិនិយោគ និងធុរកិច្ចលើស្ទើគ្រប់វិស័យ ដែលវិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួមអាចច្បាមយក ដើម្បីបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

បន្ថែមពីលើនេះ លោក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។ បើតាមជំនួបពិភាក្សាគ្នាមុនចាប់ផ្ដើម វេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ នាថ្ងៃខែឆ្នាំដដែល។

បើតាមជំនួបនេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។