Register Already an agent ? Login

ផ្លូវខេត្តព្រៃលេខ៣១២ មានប្រវែងជាង២៨គ.ម ក្រោមឥណទានADB ជាង២៤លានដុល្លារ បានបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំ

ភ្នំពេញ៖ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណ២៤,៨៩លានដុល្លារ។

ការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ នឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន ២គន្លងទៅ-មក។ ការដាក់លូគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេស ក៏នឹងត្រូវបានរួមបញ្ចូលក្នុងគម្រោងនេះផងដែរ។

ផ្លូវខេត្តលេខ៣១២ ដែលប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល ១៨ខែ និងថែទាំរយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ ADB សរុបប្រមាណ ២៤,៨៩លានដុល្លារ សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន

លោក បានថ្លែងបន្តថា បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ថវិកាសន្សំ ក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ ជំហាន២ (RNIP Phase2) ដើម្បីស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី-ឌីញបា ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៨,៥លានដុល្លារ។

ផ្លូវខេត្តលេខ៣១២នេះ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបន្តទៀតថា ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ 

តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ បើតាមការថ្លែងរបស់ សម្ដេច ស ខេង បានបន្តថា ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះ ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចក្រឡាហោម បានថ្លែងនូវអំណរគុណដល់ ADB ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា បើនិយាយជារួម និងនិយាយដោយឡែក គឺបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាមនៅតាមទីប្រជុំជន និងក្រុងក្នុងបណ្ដាខេត្តសំខាន់ៗមួយចំនួន រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាដើម ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

នាឱកាសនោះ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រៃវែង អាជ្ញាធរស្រុកព្រះស្តេច ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបង្កលក្ខណៈងាយស្រួលក្នុងរៀបចំពិធីបើកការដ្ឋាននេះ ព្រមទាំងភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសខ្សែផ្លូវនេះ ជូនដល់ បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង។

ជាមួយគ្នានេះ សម្តេច ក៏បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេស ឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងស្នើសុំការយោគយល់ និង អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)