ភ្នំពេញ៖ គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ ចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្ន គម្រោងចុះបញ្ជីដីធ្លីបាន ៨៨សង្កាត់ ក្នុងចំណោម ១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ។ គម្រោងប្រមូលទិន្នន័យសរុបបាន ៣៧៧,២៤៦ក្បាលដី និងចេញបណ្ណជូនប្រជាពលរដ្ឋបាន ២៥៦,១៥៣បណ្ណ។
រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាក្រុងអទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត-ក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមការលើកឡើងរបស់ លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានបន្តឱ្យដឹងថា គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្ន គម្រោងចុះបញ្ជីដីធ្លីបាន ៨៨សង្កាត់ ក្នុងចំណោម ១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅក្នុងភូមិកន្លែងគល់ និងភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២៣ លោក សារិន វណ្ណ បានថ្លែងបន្តថា ដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅ គម្រោងបានចេញបណ្ណជូនប្រជាពលរដ្ឋរួចបាន ២សង្កាត់ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា ដែលមានចំនួន ២៣ភូមិ ចេញបណ្ណសរុបបានចំនួន ៧,១០៦បណ្ណ និងនៅក្នុងសង្កាត់ ពន្សាំង ចេញបណ្ណបាន ១១ភូមិ មានចំនួន ៦,៣៤៨បណ្ណ។
លោក ប្រធានមន្ទីរសុរិយោដីរាធានីភ្នំពេញ បានបន្ថែមថា នៅក្នុងនេះ ក្រោយពីបានបណ្តុះបណ្តាល ការបោះពុម្ពបណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ សម្រេចបានការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់ពន្សែង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១,១៣៦បណ្ណ។
នៅក្នុងពិធីនោះដែរ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ពាក់ព័ន្ធនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមានចំនួន ៥សង្កាត់ មាន២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកបណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា។
លោក បានបន្តថា សង្កាត់ពន្សាំង ជាសង្កាត់ទី៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ឋ ក្នុងចំណោម ២៤ភូមិ បានចែកបណ្ណរួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកបណ្ណកម្មសិទ្ឋិក្នុងពេលឆាប់ៗនេះ។ រីឯ ២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការចុះបញ្ជីក្នុងឆ្នាំ២០២៣ នេះដែរ។
លោក ឃួង ស្រេង អភិបាល បាលរាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតីក្នុងពីធីខាងលើ បានថ្លែងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។
នាឱកាសនោះ លោក បានពន្យល់ និងណែនាំ បងប្អូនប្រជាពលរដ្ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យមានបញ្ហា ពាក់ព័ន្ធបំណុលធានាគារ។ បំណុលធានាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅជាមួយនឹងបំណុលនេះ។
សម្រាប់រាជរដ្ឋាភិបាល គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើនក្នុងមុខរបរ ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។ បើតាមការបញ្ជាក់របស់ អភិបាលរាជធានីភ្នំពេញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)