ភ្នំពេញ៖ ប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ក្រុងបាវិត ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងផ្លូវសរុប១៨៧,០៥គីឡូម៉ែត្រ ទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ប្រមាណ៥ម៉ោង មក ២ម៉ោង, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងផ្លូវសរុប១៣៥,១០គីឡូម៉ែត្រ ទំហំទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារ កាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ។
១. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖
- ប្រវែងផ្លូវសរុប៖ ១៨៧,០៥គីឡូម៉ែត្រ
- តួផ្លូវទទឹង៖ ២៤ម៉ែត្រ
- ចំណុចចាប់ផ្ដើម៖ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ចំណុចបញ្ចប់៖ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
- បើកការដ្ឋានសាងសង់៖ ២២/មីនា/២០១៩
- បញ្ចប់ការសាងសង់៖ ០៩/វិច្ឆិកា/២០២២
- រយៈពេលសាងសង់៖ ៤០ខែ
- ទំហំទឹកប្រាក់៖ ប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក
- សាងសង់ដោយ៖ ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)
- ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីប្រមាណ៥ម៉ោង មក ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មជាដើម។
២. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត៖
- ប្រវែងផ្លូវសរុប៖ ១៣៥,១០គីឡូម៉ែត្រ
- ចំណុចចាប់ផ្ដើម៖ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល
- ចំណុចបញ្ចប់៖ ក្រុងបាវិត ខេត្តស្វាយរៀង
- បើកការដ្ឋានសាងសង់៖ ០៧/មិថុនា/២០២៣
- បញ្ចប់ការសាងសង់៖ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧
- រយៈពេលសាងសង់៖ ៤៨ខែ
- ទំហំទឹកប្រាក់៖ ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក
- សាងសង់ដោយ៖ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជាការសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ហើយផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោងសម្រាប់រថយន្តកុងតឺន័រ។
មួយវិញទៀត ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងប្រមាណ ៤០០គីឡូម៉ត្រ គ្រោងចំណាយ ៤០០០លានដុល្លារ នឹងសាងសង់នៅក្នុងឆ្នាំ២០២៤។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនទី៣នេះ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ ថុល បានថ្លែងបន្តថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងប្រមាណ ៤០០គីឡូម៉ត្រ ត្រូវបានចែកជាពីរដំណាក់រួមមាន៖ ដំណាក់កាលទី១ ចាប់ពីភ្នំពេញទៅ សៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ចាប់ពីសៀមរាប ទៅក្រុងប៉ោយប៉ែត្រ មានប្រវែង ១៥០គីឡូម៉ែត្រ។
លោក ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា បើមានផ្លូវល្បឿនលឿនទី១ មានទី២ បើមានទី២ មានទី៣ តាមផែនការអាចនឹងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រចេះ ទៅរតនគិរី មណ្ឌគិរី ទៅព្រះវិហារ អាចជុំវិញប្រទេសកម្ពុជាផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)