Register Already an agent ? Login

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតប្រវែង ៤០០គ.ម ចំណាយ៤ពាន់លានដុល្លារ គ្រោងសាងសង់ឆ្នាំ២០២៤

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងប្រមាណ ៤០០គីឡូម៉ត្រ គ្រោងចំណាយ ៤០០០លានដុល្លារ នឹងសាងសង់នៅក្នុងឆ្នាំ២០២៤។ បើតាមការថ្លែងឱ្យដឹងពី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនទី៣នេះ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ ថុល បានថ្លែងបន្តថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងប្រមាណ ៤០០គីឡូម៉ត្រ ត្រូវបានចែកជាពីរដំណាក់រួមមាន៖ ដំណាក់កាលទី១ ចាប់ពីភ្នំពេញទៅ សៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ចាប់ពីសៀមរាប ទៅក្រុងប៉ោយប៉ែត្រ មានប្រវែង ១៥០គីឡូម៉ែត្រ។

បើតាម លោក ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការសាងសង់ផ្លូវល្បឿនលឿនទី៣នេះ ជាមធ្យម ១គីឡូម៉ែត្រ ចំណាយ ១០លានដុល្លារ សម្រាប់ដំណាក់កាលទី១ មានប្រវែង ២៥០គីឡូម៉ែត្រ ចំណាយប្រមាណ ២៥០០លានដុល្លារ។ នេះគ្រាន់តែការប៉ាន់ស្មានដំបូង ព្រោះឆ្នាំក្រោយអាចមានការឡើងថ្លៃសម្រាប់សម្ភារ ប្រេង ស៊ីម៉ង់តិ៍ ជាដើម។

ក្រសួងបានទុករយៈពេល ១២ខែឱ្យក្រុមហ៊ុនសិក្សាលំអិត បន្ទាប់មកធ្វើរបាយការណ៍ដាក់ជូនអន្តរក្រសួងពិនិត្យ ប៉ុន្តែភាគីក្រុមហ៊ុន បានឱ្យដឹងថា មិនត្រូវការ១២ខែទេ ដោយសារក្រុមហ៊ុនបានសិក្សារយៈពេល ៥ខែរួចមកហើយ ដូច្នេះក្រុមហ៊ុនត្រូវរយៈពេលយ៉ាងយូរ ៦ទៀតប៉ុណ្ណោះ។ បើតាមការថ្លែងបន្ថែមរបស់ លោក ​ស៊ុន ចាន់ថុល បានបន្ថែមទៀតថា សម្រាប់ទីតាំងកំពុងសិក្សាលំអិតមិនទាន់ដឹងនៅឡើយទេ។

បើតាម លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ សម្រាប់គម្រោងអាចមានផលប៉ះពាល់ កន្លែងមួយចំនួន ដូច្នេះកន្លែងណាអាចចៀសបាន​ត្រូវវាង បើប៉ះផ្ទះប្រជាពលរដ្ឋ ឬស្ពានបុរាណ ក៏ត្រូវតែចៀសដែរ ពីព្រោះផ្លូវជាតិលេខ៦ មានស្ពានបុរាណច្រើន។

លោក ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា បើមានផ្លូវល្បឿនលឿនទី១ មានទី២ បើមានទី២ មានទី៣ តាមផែនការអាចនឹងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រចេះ ទៅរតនគិរី មណ្ឌគិរី ទៅព្រះវិហារ អាចជុំវិញប្រទេសកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)