Register Already an agent ? Login

ទំហំរពា​ណិ​​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី មានទឹកប្រាក់ជិត ៤រយលានដុល្លារ ៤ខែឆ្នាំ២០២៣

ភ្នំពេញ៖ ចាប់ពី​ខែមករា​-​ខែមេសា ឆ្នាំ​២០២៣ ការផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី មានទឹកប្រាក់​ចំនួន ៣៩២,០៦​លាន​ដុ​ល្លារ កើន២៧% ​បើ​ធៀប​នឹងឆ្នាំ​២០២២ ដែលមានទឹកប្រាក់ ៣០៨,៦៩​លាន​ដុ​ល្លារ។ នេះបើតាមតារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា

តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា បានបន្តឱ្យដឹងថា ការនាំចេញ​របស់​កម្ពុជា​ចំនួន ១៤,១៦​លាន​ដុល្លារ កើនឡើង ៦០,៦​% និង​ទំនិញ​នាំ​ពី​ឥណ្ឌូនេស៊ី ៣៧៧,៩១​លាន​ដុល្លារ កើនឡើង ២៦%​។ បើ​ផ្អែក​តាម​តួលេខនេះ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព​រហូតដល់ ៣៦៣,៧៥លាន​ដុល្លារ​។​

សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែ​មេសា ឆ្នាំ​២០២៣ គឺមានទឹកប្រាក់ ៨៧,២១លាន​ដុល្លារ ធ្លាក់ចុះ ៩,០៣%​ បើធៀប​នឹង​ខែមេសា ឆ្នាំ២០២២ ដែល​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ១,៩៥​លាន​ដុល្លារ កើនឡើង ៨,០៥% និង​នាំចូល​ ៨៥,២៦​លាន​ដុល្លារ ធ្លាក់ចុះ ៩,៣៦%។​

មូលហេតុ​ដែល​ចំនួន​ទឹក​ប្រាក់​នាំ​ទំនិញ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុ​ជាមាន​ច្រើន​លើសលប់​ធៀប​ការនាំចេញ​របស់​កម្ពុជា គឺ​ដោយសារ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន កម្លាំង​សេដ្ឋកិច្ច​ធំ​ (​ឥណ្ឌូនេស៊ី គឺជា​សមាជិក​ប្រទេស G20) និង​មាន​ចង្វាក់​ផលិត​កម្ម​សម្បូរបែប​។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈអ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។

លោក បានបន្តថា ទោះបី​ពេលនេះ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ជា​មួយ​នឹង​ឥណ្ឌូនេស៊ី មាន​ឱនភាព​ច្រើន ប៉ុន្តែ ​ជា​ជំហានៗ​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ីនឹង​កើនឡើង ព្រោះ​បច្ចុប្បន្ន​សមត្ថភាព​ផលិត​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​លំដាប់​ទាំង​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម។

សូមរម្លឹកថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ​២០២២ មាន​ទឹកប្រាក់​សរុប ៩៤៨,៥៣ លាន​ដុល្លារ កើន​ ៤៨,៣​% ​បើ​ធៀប​ឆ្នាំ២០២១ ​ការនាំចេញ​របស់​កម្ពុជា​ចំនួន ៣៦,៨៤លាន​ដុល្លារ កើនឡើង ១៥,៩% និង​ទំនិញ​នាំ​ពី​ឥណ្ឌូនេស៊ី ៩១១,៦៩​លាន​ដុល្លារ កើន ៦០%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)