Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជា-វៀតណាម ចុះហត្ថលេខាលើ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា និង ង្វៀន ហុងហ្សៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងជាតំណាងរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម” សម្រាប់ឆ្នាំ២០២៣-២០២៤ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយពីបញ្ចប់ការចុះហត្ថលេខាកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាង ក្រកម្ពុជា-វៀតណាម ដែលជាចលករមួយដ៏សំខាន់ក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជាពិសេស កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោក ប៉ាន សូស័ក្តិ បានបន្តថា ការផ្តួចផ្តើមឱ្យមានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសយើងទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។

រហូតមកដល់ពេលបច្ចុប្បន្ន តំណាងក្រសួងយើងទាំងពីរបានចុះហត្ថលេខាលើឯកសារនេះចំនួន៧លើក រួចមកហើយ និងបានឯកភាពបន្តសុពលភាព ចំនួន១លើក លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ តាមផ្លូវការទូត។ បើតាមការបន្ថែមរបស់ លោក ប៉ាន សូស័ក្តិ។

ជាការឆ្លើយតប លោក ង្វៀន ហុងហ្សៀន ក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងជាប្រពៃណី និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ជាពិសេសការផ្តួចផ្តើមឱ្យមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម ក្នុងការរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។

លោក ង្វៀន ហុងហ្សៀន បានបញ្ជាក់ថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការជំរុញនិងលើកស្ទួយប្រទេសជាតិ ទោះបីជាពិភពលោកបានរងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ បើតាមការបន្ថែមរបស់ លោក ង្វៀន ហុងហ្សៀន បានបញ្ជាក់ទៀតថា ការចុះហត្ថលេខានិងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេស ទំនិញកសិកម្មនិងទំនិញឧស្សាហកម្ម។

រដ្ឋមន្ត្រីទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ដោយបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នឹងដើរទន្ទឹមគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដល់ផលិតករ អ្នកនាំចេញនាំចូល និងក្រុមហ៊ុនធុរកិច្ច សំដៅជំរុញការអនុវត្តនិងទាញប្រយោជន៍ជាអតិបរមាពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)