ភ្នំពេញ៖ គឺចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៣ ការនាំចេញទំនិញរួមមានកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់សរុប ២០៦,៧៣លានដុល្លារ កើនឡើង ៣៨% បើគ្រាដូចគ្នាឆ្នាំ២០២២។ បើតាមតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ទឹកប្រាក់នាំចេញស្មើនឹង ២,៩% នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជារយៈពេល ៤ខែ ឆ្នាំ២០២៣ ដែលមាន ៧ ២៣៤,១២លានដុល្លារ។
តាមតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញ បានបន្តឱ្យដឹងទៀតថា សម្រាប់ខែមេសា ឆ្នាំ២០២៣ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ ៣៨,៦៣ លានដុល្លារ កើន ២០,៣% ពីចំនួន ៣២,១១លានដុល្លារ កាលពីខែមេសា ឆ្នាំ២០២២។
ទោះតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមិនសូវល្អ ប៉ុន្តែបរិមាណនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូកម្ពុជានៅតែមានសញ្ញាវិជ្ជមាន។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
លោក បានលើកឡើងបន្តថា ទឹកប្រាក់នាំចេញនេះនឹងកើនឡើងថែមទៀតនៅពេលស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោកវិលទៅរកភាពល្អប្រសើរឡើងវិញដូចមុនឆ្នាំ២០២០។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងថា ដោយសារតែទីផ្សារកៅស៊ូកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះបើទីផ្សារអន្តរជាតិមានស្ថានភាពមិនល្អ វាក៏ធ្វើឱ្យតម្រូវការ និងតម្លៃធ្លាក់ចុះដែរ។
លោក បានន្តថា ជាក់ស្តែងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចពិភពលោកនាពេលនេះ គឺបានធ្វើឱ្យតម្រូវការប្រើប្រាស់ជ័រកៅស៊ូមិនមានច្រើនដូចពេលមុនឡើយ។
មិនសូវមានតម្រូវការប្រើប្រាស់ក្នុងស្រុក ហេតុនេះភាគច្រើននៃទិន្នផលជ័រកៅស៊ូដែលប្រមូលបាននៅកម្ពុជាត្រូវបានឈ្មួញនាំយកទៅលក់នៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង សហគមន៍អឺរ៉ុប ជាដើម។ បើតាមការបញ្ជាក់របស់ លោក ហ៊ឹម អូន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)